គៀវ៖ ប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បានចោទប្រកាន់អង្គភាពយោធារុស្ស៊ីថា បានភៀសខ្លួនចេញពីទីតាំងជាច្រើន នៅជិតទីក្រុងសមរភូមិបេកមុត ភាគខាងកើតអ៊ុយក្រែន នៅក្នុងការវាយប្រហារ ដ៏សាហាវ ចុងក្រោយរបស់លោក ប្រឆាំងនឹងការដឹកនាំយោធា របស់ទីក្រុងម៉ូស្គូ។
លោក Yevgeny Prigozhin បានលើកឡើងថា “ថ្ងៃនេះ អ្វីៗកំពុងត្រូវបានធ្វើ ដើម្បីឲ្យសមរភូមិមុខដួលរលំ។ ថ្ងៃនេះ អង្គភាពមួយរបស់ក្រសួងការពារជាតិ បានរត់ចេញពីផ្នែកមួយរបស់យើង ដោយបោះបង់ចោលទីតាំងរបស់ពួកគេ។ ថ្មីៗកន្លងទៅនេះ ប្រធានក្រុមទាហានស៊ីឈ្នួលរូបនេះ បានគំរាមដកយុទ្ធជនរបស់លោក ចេញពីទីក្រុងសមរភូមិ បេកមុត កាលពីថ្ងៃទី១០ ខែឧសភា ប្រសិនបើលោកមិនទទួលបានគ្រាប់រំសេវដែលចាំបាច់។
នៅក្នុងវីដេអូ ដែលបានចេញផ្សាយ នៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃអង្គារលោក Prigozhin បានលើកឡើងថា កងទ័ពកំពុងរត់គេចខ្លួនដោយសារតែ “ភាពល្ងង់ខ្លៅ” របស់មេបញ្ជាការកងទ័ពរុស្ស៊ី។
លោកបានបន្ដថា “ទាហានមិនគួរស្លាប់ដោយសារតែភាពឆោតល្ងង់របស់មេដឹកនាំរបស់ខ្លួននោះទេ ពាក្យបញ្ជាដែលគេទទួលពីថ្នាក់លើ គឺជាបទឧក្រិដ្ឋជាដាច់ខាត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយនៅថ្ងៃនោះថា “កងទ័ពវាយលុក” ដែលជាធម្មតាសំដៅទៅលើអង្គភាព Wagner កំពុង “បន្តប្រយុទ្ធនៅភាគខាងលិច” នៃទីក្រុង បេកមុត ។
ក្រសួងបានឲ្យដឹងថា ទាហានឆ័ត្រយោងរុស្ស៊ី “បានផ្តល់ជំនួយ” ប៉ុន្តែមិនបាននិយាយអំពីការចោទប្រកាន់របស់លោក Prigozhin លើទាហានដែលបោះបង់ចោលទីតាំងឈរជើងរបស់ពួកគេនោះទេ។
ប្រធានក្រុមទាហានស៊ីឈ្នួល Wagner រូបនេះបានដឹកនាំការប្រយុទ្ធរបស់ទីក្រុងមូស្គូ សម្រាប់ទីក្រុងភាគខាងកើតអ៊ុយក្រែន ដែលមានប្រជាជនមុនសង្គ្រាមប្រហែល ៧០០០០នាក់ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការបែកបាក់ផ្ទៃក្នុងបានកាន់តែស៊ីជម្រៅ ដោយលោក Prigozhin បានស្តីបន្ទោសម្តងហើយម្តងទៀត ចំពោះប្រទេសរុស្ស៊ី ចំពោះការខកខានក្នុងការបញ្ជូនក្រុមរបស់លោកនូវអាវុធគ្រប់គ្រាន់ ដើម្បីបន្ដប្រយុទ្ធ៕
ប្រែសម្រួល ឈូក បូរ៉ា