អ៊ីស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ រដ្ឋាភិបាលប៉ាគីស្ថាន បានអំពាវនាវនៅក្នុងជួរកងទ័ព ឱ្យជួយបញ្ចប់ភាព ចលាចលដ៏សាហាវ បន្ទាប់ពីការចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រី Imran Khan ដោយព្រមានក្រុមអ្នកតវ៉ាប្រឆាំង នឹងធ្វើកាវាយប្រហារបន្ថែមទៀត ។
គេបានដឹងថា យ៉ាងហោចណាស់មនុស្ស៥នាក់ បានស្លាប់នៅក្នុងអំពើហឹង្សា ដែលបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវអស្ថិរភាពនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលមានប្រជាជន ចំនួន២២០លាននាក់ ខណៈដែលប្រទេសនេះជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងការពន្យាពេល ដល់ថវិកាសង្គ្រោះរបស់មូលនិធិរូបិយ វត្ថុអន្តរជាតិ ហៅកាត់ថា IMF ចាប់តាំងពីខែវិច្ឆិកាមក ។
លោក Khan គឺជាមេដឹកនាំនយោបាយ ដ៏មានប្រជាប្រិយបំផុត របស់ប្រទេសប៉ាគីស្ថាន បើយោងតាមការស្ទង់មតិ ត្រូវបានចាប់ខ្លួននៅក្នុងករណីក្លែងបន្លំ ដីធ្លីកាលពីថ្ងៃអង្គារដោយធ្វើឱ្យអ្នកគាំទ្រវាយលុកអគារយោធា និងរឹបអូសភូមិគ្រឹះរបស់ឧត្តមសេនីយ៍យោធាកំពូលនៅក្នុងទីក្រុង Lahore ភាគខាងកើតប្រទេស ។
អគារ និងទ្រព្យសម្បត្តិរដ្ឋផ្សេងទៀត ត្រូវបានវាយប្រហារ និងដុតបំផ្លាញដោយក្រុមបាតុករ ហើយរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តសំណើពីខេត្តចំនួន២ក្នុងចំណោមខេត្តចំនួន៤របស់ប្រទេសប៉ាគីស្ថាន គឺខេត្ត Punjab និងខេត្ត Khyber Pakhtunkhwa បូករួមទាំងបន្ទាយ Khan និងរដ្ឋធានីសហព័ន្ធ Islamabad ដើម្បីដាក់ពង្រាយកងទ័ពដើម្បីស្ដារស្ថានភាពឡើងវិញ ៕