បរទេស ៖ ការតវ៉ាបានបន្តនៅទូទាំងប្រទេសប៉ាគីស្ថាននៅថ្ងៃនេះ ជុំវិញការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ដោយការតវ៉ាបានបណ្តាល ឱ្យមានមនុស្សស្លាប់យ៉ាងតិច ៨នាក់ និងជាង ១០០ នាក់ផ្សេងទៀតរងរបួស, នេះបើយោងតាមសារព័ត៌មាន ក្នុងស្រុករាយការណ៍ ។ មេដឹកនាំជាច្រើននៃគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់របស់លោក ខាន់ ត្រូវបានចាប់ខ្លួន រួមទាំងលោក ហ្វាវ៉ាដ ឆាដឌ្រី (Fawad Chaudhry) និង លោក អាសាធ អុម៉ា (Asad Umar) ។
យោងតាមសារព័ត៌មាន The Indian Express ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក អ៊ីមរ៉ាន់ ខាន់ ដែលត្រូវបានចាប់ខ្លួន កាលពីរសៀលថ្ងៃអង្គារ ត្រូវបានប្រគល់ទៅការិយាល័យ គណនេយ្យភាពជាតិ (NAB) កាលពីម្សិលមិញ។ លោកនឹងស្ថិតក្នុងការឃុំឃាំងរយៈពេលប្រាំបីថ្ងៃ ក្នុងសំណុំរឿងពុករលួយ អាល់ហ្គាឌៀ ត្រាស់ ( Al-Qadir Trust)។
នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក សេបាស ហ្សារីស (Shehbaz) Sharif កាលពីថ្ងៃពុធនៅក្នុងសុន្ទរកថា ដំបូងរបស់លោកបន្ទាប់ពីការចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ បានអះអាងថា “ភស្តុតាងទាំងអស់” ប្រឆាំងនឹងប្រធាន PTI មានវត្តមាននៅក្នុងករណី អាល់ហ្គាឌៀ ត្រាស់ ។ លោកបានមានប្រសាសន៍ថា ការិយាល័យគណនេយ្យភាពជាតិ (NAB) កំពុងធ្វើការស៊ើបអង្កេតលើមូលដ្ឋាន នៃភស្តុតាង ។ លើសពីនេះទៀត លោកបានចោទសួរពីរបៀប ដែលខុទ្ទកាល័យគណបក្ស PTI ត្រូវបានរក្សាទុក “ទាំងស្រុងនៅក្នុងភាពងងឹត” អំពីបញ្ហានេះ៕