ព័ត៌មានអន្តរជាតិ

បំពង់បង្ហូរប្រេងរុស្ស៊ី ដែលផ្គត់ផ្គង់ប្រេង ដល់សហភាពអឺរ៉ុប ត្រូវបានកងកម្លាំងអ៊ុយក្រែន បាញ់ផ្លោងដាក់

បរទេស៖ ប្រតិបត្តិករក្រុមហ៊ុនប្រេង Transneft បានអះអាងថា បំពង់នាំប្រេងរបស់ស្ថានីយផ្ទុកប្រេង Druzhba ក្នុងតំបន់ Bryansk របស់រុស្ស៊ី នៅជិតប្រទេសអ៊ុយក្រែន ត្រូវបានរងការបាញ់ផ្លោងកាលពីព្រឹកថ្ងៃពុធ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបទ្ទវហេតុនេះ ត្រូវបានរាយការណ៍ជាលើកដំបូង ដោយប៉ុស្តិ៍តេឡេក្រាម Baza ដែលបាននិយាយថា អគារនៅក្នុងភូមិ Sven ត្រូវបានវាយប្រហារពីរដងក្នុងរយៈពេល ២០នាទី នៅម៉ោងប្រហែល ៥ ព្រឹកម៉ោងក្នុងស្រុក។ Baza បានបន្ថែមថា ធុងស្តុកឥន្ធនៈទទេចំនួន ៣ ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោងជាច្រើន។

ប៉ុន្មានម៉ោងក្រោយមក ប្រតិបត្តិករ នៃបំពង់បង្ហូរប្រេង Druzhba ដែលជាក្រុមហ៊ុនប្រេងរុស្ស៊ី Transneft បានបញ្ជាក់ពីការវាយប្រហារនេះ ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Tass ។

សូមជម្រាបថា បំពង់បង្ហូរប្រេង Druzhba (Friendship) គឺជាបណ្តាញដឹកជញ្ជូនប្រេងដ៏ធំបំផុតមួយក្នុងពិភពលោក ដែលមានប្រវែងប្រហែល ៤ ០០០ គីឡូម៉ែត្រ និងនាំប្រេងពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន បេឡារុស្ស ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី សាធារណរដ្ឋឆេក អូទ្រីស និងអាល្លឺម៉ង់។

គ្រឿងបរិក្ខារបំពង់បង្ហូរប្រេងនៅក្នុងតំបន់ Bryansk ជារឿយៗជាគោលដៅតម្រង់ទិសដៅពីសំណាក់ភាគីអ៊ុយក្រែនចំពេលមានជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ ។ កាលពីខែមីនា ក្រុមហ៊ុន Transneft បាននិយាយថា ឧបករណ៍បំផ្ទុះជាច្រើន ដែលទំនងជាត្រូវបាន ទម្លាក់ដោយយន្តហោះគ្មានមនុស្សបើក ត្រូវបានរកឃើញ នៅស្ថានីយ៍បូមប្រេង Novozybkov ។ ប៉ុន្មានសប្តាហ៍មុននោះ កន្លែងដដែលត្រូវបានបាញ់ផ្លោង ប៉ុន្តែមិនមានការខូច ខាតអ្វីគួរឱ្យកត់សម្គាល់នោះទេ ៕

To Top