វ៉ាស៊ីនតោន៖ ការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈ (PHE) របស់សហរដ្ឋអាមេរិក នឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍នេះ ហើយវិធានការនេះនឹងនាំមកនូវផលប៉ះពាល់សង្គមយ៉ាងខ្លាំង នាំឱ្យខ្វះការយកចិត្តទុកដាក់ជាសាធារណៈលើការត្រៀមខ្លួន និងការឆ្លើយតបនៃជំងឺរាតត្បាត និងបន្ថែមបន្ទុកដល់ប្រជាជនក្រីក្រ និងជនជាតិភាគតិច នេះបើតាមអ្នកជំនាញខាងរោគរាតត្បាតឈានមុខគេបានប្រាប់ស៊ីនហួរកាលពីថ្ងៃពុធ។
ប្រភពពី PHE ត្រូវបានប្រកាសដោយលេខាធិការផ្នែកសុខភាព និងសេវាមនុស្ស (HHS) របស់សហរដ្ឋអាមេរិក លោក Alex Azar ក្នុងខែមករា ឆ្នាំ២០២០ ដើម្បីអនុវត្តវិធានការបណ្តោះអាសន្ន និងបែងចែកធនធាន ដើម្បីទប់ទល់នឹងជំងឺរាតត្បាត។
ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២១ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានបន្តភាពអាសន្នម្តងហើយម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បន្ទាប់ពីមានការរំខានក្នុងសង្គមអស់រយៈពេលជាង ៣ឆ្នាំ យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ-១៩ ចំនួន ៦ លាននាក់ចូលមន្ទីរពេទ្យ និង ១,១លាននាក់បានស្លាប់ សេចក្តីប្រកាសនឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី១១ ខែឧសភា។
បន្ទាប់ពីការបញ្ចប់នៃ PHE ការផ្គត់ផ្គង់វ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលអាចថយចុះ ដែលបណ្តាលឱ្យមានការចំណាយខ្ពស់ សម្រាប់បុគ្គល ដោយសារការកាត់បន្ថយការធានារ៉ាប់រង ហើយវិក្កយបត្រវេជ្ជសាស្រ្តរបស់ប្រជាជនក៏អាចកើនឡើងផងដែរ នេះបើយោងតាមការលើកឡើងរបស់លោក Zhang Zuofeng សាស្ត្រាចារ្យ និងជាប្រធាននាយកដ្ឋានរោគរាតត្បាត នៅឯសាកលវិទ្យាល័យកាលីហ្វ័រញ៉ា។
លោក Zhang បានពន្យល់ថា មន្ទីរពេទ្យអាមេរិកបានទទួលមូលនិធិបន្ថែមក្នុងអំឡុងពេល PHE ដូចជាប្រភេទមូលនិធិផ្សេងៗនៅដំណាក់កាលដំបូងនៃជំងឺរាតត្បាត ក៏ដូចជាការកើនឡើងចំនួន ២០ភាគរយនៃការទូទាត់ Medicare ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។
លោកបានលើកឡើងថា “ដោយសារតែប្រព័ន្ធមន្ទីរពេទ្យនឹងបាត់បង់មូលនិធិទាំងនោះបន្ទាប់ពីថ្ងៃទី១១ ខែឧសភា ប្រជាជននឹងឃើញការកើនឡើងនៃថ្លៃព្យាបាល និងការធានារ៉ាប់រងរបស់ពួកគេ” ។
PHE បានជួយចែកចាយមូលនិធិ និងអនុញ្ញាតឱ្យជនជាតិអាមេរិករាប់លាននាក់ រីករាយជាមួយនឹងវិជ្ជសាស្រ្តក្នុងអំឡុងពេលជំងឺរាតត្បាត។ វាបានហាមឃាត់រដ្ឋពីការផ្លាស់ប្តូរតម្រូវការសិទ្ធិទទួលបាន បុព្វលាភរ៉ាប់រង និងកញ្ចប់អត្ថប្រយោជន៍ ប៉ុន្តែអ្វីៗទាំងអស់នោះអាចនឹងផ្លាស់ប្តូរបន្ទាប់ពីថ្ងៃទី ១១ ខែឧសភា។
លោក Zhang បានបន្ដថា មនុស្សជាច្រើនបាត់បង់ការធានារ៉ាប់រងសុខភាពរបស់ពួកគេ ដោយបន្ថែមថា ប្រជាជនក្រីក្រ និងជនជាតិភាគតិចនឹងរងផលប៉ះពាល់ខ្លាំងបំផុត។
លោក Zhang បានបន្ថែមថា លើសពីនេះ ការបញ្ចប់នៃ PHE មានន័យតិចជាងទិន្នន័យ និងព័ត៌មានអំពីនិន្នាការនៃការឆ្លងមេរោគកូរ៉ូណា ដែលធ្វើឱ្យវាពិបាកក្នុងការតាមដានការប្រែប្រួល និងការឆ្លងថ្មីៗ។
ការតាមដានទិន្នន័យជំងឺកូវីដ-១៩ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) គឺជាមូលដ្ឋានគ្រឹះនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិក ហើយក្នុងអំឡុងពេល PHE HHS មានសិទ្ធិអំណាចក្នុងការទាមទារឱ្យមានការរាយការណ៍ពីការធ្វើតេស្តមន្ទីរពិសោធន៍សម្រាប់ជំងឺកូវីដ-១៩៕ ប្រែសម្រួល ឈូក បូរ៉ា