តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មន្ត្រីយោធាកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃពុធបានសម្តែងការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការពង្រឹងវិស័យការពារជាតិរបស់ប្រទេសស៊ីរី។
លោក Mohammadreza Ashtiani រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ និងលោក Mohammad Baqeri ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានជួបដាច់ដោយឡែកជាមួយលោក Abdel Karim Mahmoud Ibrahim ប្រធានអគ្គសេនាធិការស៊ីរី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ។
លោក Ashtiani បានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការប្រើប្រាស់សមត្ថភាព និងសមត្ថភាពរបស់ខ្លួនក្នុងការកសាងឡើងវិញ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ឧស្សាហកម្មការពារជាតិស៊ីរី។ លោកបានលើកឡើងថា ទំនាក់ទំនងទ្វេភាគីស្ថិតក្នុងកម្រិតមួយដ៏ល្អ ដែលជាលទ្ធផលនៃសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ និងជាបងប្អូនរវាងរដ្ឋទាំងពីរ។
ចំណែកឯមន្ត្រីយោធាស៊ីរីវិញបានលើកឡើងពីភាពចាំបាច់នៃការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យយោធា និងការពារជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងកិច្ចប្រជុំមួយផ្សេងទៀត លោក Baqeri បានពិភាក្សាជាមួយមន្ត្រីស៊ីរី អំពីការកសាងឡើងវិញនូវយោធារបស់ប្រទេសស៊ីរី ក្នុងយុគសម័យក្រោយសង្គ្រាម និងចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរ និងបញ្ហាទាក់ទងនឹងការផ្តល់ការបណ្តុះបណ្តាលនៅកម្រិតផ្សេងៗគ្នា ដោយលោក Baqeri បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការយោធារវាងអ៊ីរ៉ង់ និងស៊ីរី នឹងបន្ត។
មន្ត្រីស៊ីរីបានឲ្យដឹងផងដែរថា ប្រទេសស៊ីរី និងអ៊ីរ៉ង់ មានទំនាក់ទំនងមិត្តភាព និងបានសហការគ្នាស្របតាមផលប្រយោជន៍ជាតិរបស់ពួកគេតាំងពី ៤០ឆ្នាំមុន ដោយធានាថា កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្ត៕ប្រែសម្រួល ឈូក បូរ៉ា