ឥស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ថា តុលាការកំពូល របស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដោយខុស ច្បាប់ ការប្រកាសនេះគឺ២ថ្ងៃបន្ទាប់ពីការឃុំខ្លួនរបស់គាត់ បានបង្កឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង និងផ្ទុះការតវ៉ាដ៏ខ្លាំងនៅទូទាំងប្រទេស ។
លោក Khan ត្រូវបានបង្គាប់ឱ្យនៅក្នុងបន្ទប់ឃុំឃាំងក្រោមការការពារ របស់ប៉ូលិសសម្រាប់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ គាត់រហូតដល់ថ្ងៃសុក្រនេះដែលគាត់នឹងត្រឡប់ទៅ កាន់តុលាការដែលគាត់ត្រូវបានឃុំខ្លួន នៅដើមសប្តាហ៍នេះ ។
ប្រធានចៅក្រម លោក Umar Ata Bandial បានប្រាប់លោក Khan នៅឯសវនាការក្នុងរដ្ឋធានី ឥស្លាម៉ាបាដ ថា “ការចាប់ខ្លួនរបស់អ្នកមិនត្រឹមត្រូវទេ ដូច្នេះដំណើរការទាំងមូលត្រូវតែតាមដានសិន” ។
ចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមេសាឆ្នាំមុន លោក Khan បានធ្វើយុទ្ធនាការដ៏ក្តៅគគុក សម្រាប់ការបោះឆ្នោត ដោយមានការរារាំង និងបានបញ្ចេញការរិះគន់ដែលមិនធ្លាប់មានពីមុនមកលើមេដឹកនាំប៉ាគីស្ថាន និងឥស្សរជនយោធាដ៏មានឥទ្ធិពល ថែមទាំងចោទប្រកាន់ពួកគេពីបទរៀបចំការប៉ុនប៉ងធ្វើឃាតកាលពីខែវិច្ឆិកា ដែលគេបានឃើញរូបគាត់ត្រូវបានគេបាញ់ត្រូវចំជើង ។
ទន្ទឹមនឹងនេះដែរ លោកបានជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងផ្លូវច្បាប់មួយចំនួន ដែលជាគ្រោះថ្នាក់ញឹកញាប់សម្រាប់ ឥស្សរជនប្រឆាំងនៅក្នុងប្រទេសប៉ាគីស្ថាន ដែលក្រុមសិទ្ធិមនុស្សបានលើកឡើងថា តុលាការត្រូវបានប្រើប្រាស់ដើម្បី កម្ចាត់អ្នកប្រឆាំងតែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា