បរទេស៖ លោក Aleksey Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនបានសន្យាថា ទីក្រុងគៀវ នឹងមិនចរចាជាមួយទីក្រុងម៉ូស្គូទេ លុះត្រាតែខ្លួនត្រូវបានសម្រេចតាមលក្ខខណ្ឌផ្ទាល់ខ្លួន។ លោក Aleksey Danilov ក៏បានអះអាងដែរថា យុទ្ធនាការដាក់សម្ពាធមួយកំពុងដំណើរការដោយមានការចូលរួមពីប្រទេសមួយចំនួនទៀត ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីកំពូលបាននិយាយ នៅក្នុងបទសម្ភាសន៍ មួយនៅលើទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំចង់ឱ្យអ្នកដឹងថា ពួកគេបង្កើនភាពតានតឹង ដើម្បីធ្វើឱ្យយើង អង្គុយនៅតុចរចាលើលក្ខខណ្ឌរបស់រុស្ស៊ី” ។
លោកបានបន្ថែមថា “គ្មាននរណាម្នាក់នឹងលក់ផលប្រយោជន៍ជាតិរបស់យើងនោះទេ ដោយមិនគិតពីថាតើអ្នកតំណាង នៃប្រទេសផ្សេងទៀតប៉ុន្មាននាក់ដែលចូលរួមក្នុងស្ថានភាពនេះចង់ឱ្យវាកើតឡើងនោះទេ”។ លោក Danilov មិនបានបញ្ចេញឈ្មោះមន្ត្រីឬប្រទេសណាដែលសម្ពាធដែលគេសន្មត់ថានឹងមកដល់នោះទេ។
យ៉ាងណាក៏ដោយ ទីក្រុងគៀវបានសន្យាថា នឹងប្រយុទ្ធជាមួយរុស្ស៊ីរហូតដល់ទទួលបានការគ្រប់គ្រងពេញលេញលើទឹកដីដែលអ៊ុយក្រែនចាត់ទុកថាជាដែនដីអធិបតេយ្យភាពរបស់ខ្លួនវិញ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ក៏បានចុះហត្ថលេខាលើច្បាប់ហាមប្រាមការចរចា ដោយហាមមិនឲ្យមានការទាក់ទងជាមួយរុស្ស៊ី ដរាបណាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅកាន់អំណាច៕
ប្រែសម្រួលៈ ណៃ តុលា