ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី បដិសេធលើរបាយការណ៍ ពីការវាយលុករបស់ កម្លាំងយោធាអ៊ុយក្រែន នៅតំបន់ជួរមុខប្រយុទ្ធ

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធរបាយការណ៍ដែលថាកងកម្លាំងអ៊ុយក្រែន បានវាយលុកនៅកន្លែងផ្សេងៗ គ្នាតាមតំបន់ជួរមុខ ហើយបានអះអាងថា ស្ថានភាពយោធាស្ថិតនៅក្រោមការគ្រប់គ្រង ។

ទីក្រុងម៉ូស្គូបានប្រតិកម្មបន្ទាប់ពីអ្នកសរសេរប្លុកយោធារុស្ស៊ីដែលសរសេរនៅលើបណ្តាញ Telegram បានរាយការណ៍ ពីអ្វី ដែលពួក គេបាននិយាយថា ជាការឈានទៅមុខរបស់អ៊ុយក្រែននៅតំបន់ភាគខាងជើង និងខាងត្បូងនៃទីក្រុង Bakhmut ដោយអ្នកខ្លះបានលើកឡើងថា ការវាយលុកដែលរង់ចាំជាយូរមកហើយដោយកងកម្លាំងគាំទ្ររបស់ក្រុង គៀវ បានចាប់ផ្តើមហើយ ។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងនៅមុននេះថា ការវាយលុកមិនទាន់ចាប់ ផ្តើមនៅឡើយទេ ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសារ Telegram ថា “សេចក្តីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញ Telegram នីមួយៗអំពី “ការវាយលុកទម្លាយការការពារ” ដែលបានកើតឡើងនៅក្នុងតំបន់ផ្សេងៗ គ្នាតាមបន្ទាត់ទំនាក់ ទំនងយោធាមិនទាក់ទងទៅនឹងការពិតនោះទេ” ។

ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយដោយប្រើប្រាស់ ការពិពណ៌នារបស់វិមានក្រឹមឡាំងអំពី សង្គ្រាមនៅអ៊ុយក្រែនថា “ស្ថានភាពទាំងមូលនៅក្នុងតំបន់ នៃប្រតិបត្តិការយោធាពិសេសគឺស្ថិត នៅក្រោមការគ្រប់គ្រងដដែល” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top