ប៉េកាំង៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ប្រទេសចិន នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រទេសនេះរំពឹងថា នឹងរក្សាបាននូវកំណើនស្ថិរភាព និងមើលឃើញការងើបឡើងវិញយ៉ាងខ្លាំងនៃការប្រើប្រាស់ឯកជន។
នៅក្នុងការចេញផ្សាយខែឧសភារបស់ខ្លួននៃទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក IMF បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនទំនងជានឹងកើនឡើង ៥,២ ភាគរយនៅឆ្នាំនេះ កើនឡើង ០,៨ភាគរយពីការព្យាករណ៍ពីមុនរបស់ខ្លួននៅក្នុងខែតុលាឆ្នាំមុន។
លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយ IMF និង China Finance 40 Forum ថា “ទិន្នន័យពីត្រីមាសទី១ បានបញ្ជាក់ពីការព្យាករណ៍របស់យើង សម្រាប់ការចាប់ផ្តើមប្រកបដោយថាមពលនៅឆ្នាំ២០២៣ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់” ។
លោកបានលើកឡើងថា ជាធម្មតា ការកើនឡើង ១ភាគរយនៃកំណើនរបស់ចិននាំទៅរកការកើនឡើងជាមធ្យមប្រហែល ០,៣ ភាគរយសម្រាប់តំបន់អាស៊ីដែលនៅសល់។
យោងតាមលោក Srinivasan បានឱ្យដឹងថា ការរីករាលដាលទៅកាន់តំបន់អាស៊ីផ្សេងទៀតពីការប្រើប្រាស់ខ្ពស់នៅក្នុងប្រទេសចិន ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំធំជាងការលេចធ្លាយពីកត្តាជំរុញកំណើនផ្សេងទៀត ដូចជាការវិនិយោគ។
របាយការណ៍របស់ IMF បានឲ្យដឹងទៀតថា អាស៊ីប៉ាស៊ីហ្វិក នឹងនៅតែជាតំបន់ដែលមានភាពស្វាហាប់ ទោះបីជាមានបញ្ហាប្រឈមរួមទាំងការធ្លាក់ចុះនៃតម្រូវការខាងក្រៅក៏ដោយ ហើយថាមវន្តនឹងត្រូវបានជំរុញជាចម្បងដោយការងើបឡើងវិញនៅក្នុងប្រទេសចិន និងកំណើនដែលធន់ទ្រាំនៅក្នុងប្រទេសឥណ្ឌា។
IMF បានបន្ថែមថា កំណើននៅក្នុងតំបន់ត្រូវបានព្យាករណ៍ថានឹងឈានដល់ ៤,៦ភាគរយ ហើយតំបន់នេះត្រូវបានគេរំពឹងថានឹងរួមចំណែកជិត ៧០ ភាគរយនៃកំណើនពិភពលោកក្នុងឆ្នាំ២០២៣ ដោយបន្ថែមថាប្រទេសចិនតែមួយគត់នឹងរួមចំណែក ៣៤,៩ភាគរយនៃកំណើនពិភពលោកនៅឆ្នាំនេះ៕
ប្រែសម្រួល ឈូក បូរ៉ា