ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន (CPC) បានឲ្យដឹងថា ប្រទេសចិន តែងតែគាំទ្រសហភាពអឺរ៉ុប ក្នុងការដើរតួនាទីសំខាន់បន្ថែមទៀត នៅក្នុងកិច្ចការអន្តរជាតិ។
លោកបានធ្វើការកត់សម្គាល់ ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេស អូទ្រីសលោក Alexander Schallenberg នៅទីក្រុងវីយែនថា មិនថាស្ថានភាពអន្តរជាតិ មានការវិវឌ្ឍយ៉ាងណានោះទេ ចិនតែងតែគាំទ្រយ៉ាងមុតមាំ ចំពោះសមាហរណកម្មអឺរ៉ុប ឯកភាព និងការរីកចម្រើនរបស់អឺរ៉ុប ដែលជាតួនាទីសំខាន់បន្ថែមទៀតរបស់ អឺរ៉ុប ក្នុងកិច្ចការពិភពលោក។
លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិម CPC បានបន្ថែមថា ប្រទេសចិន មានឆន្ទៈក្នុងការដឹកនាំកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយភាគីអឺរ៉ុប ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ទៅវិញទៅមក។
លោកបានកត់សម្គាល់ថាទំនាក់ទំនងចិន-អូទ្រីសបានរក្សាបាននូវការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ហើយបានបង្ហាញពីបំណងចង់ធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រមិត្តភាពជាមួយប្រទេសអូទ្រីស។
លោក Schallenberg បានឲ្យដឹងនៅក្នុងផ្នែករបស់លោកថា ប្រទេសអូទ្រីស ប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងល្អរវាងអូទ្រីស និងចិន ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងស្វែងរកមូលដ្ឋានរួមគ្នា ខណៈពេលដែលរក្សាភាពខុសគ្នា។ លោកបានកត់សម្គាល់ថា ប្រទេសអូទ្រីសមិនគាំទ្រការកាត់ផ្តាច់ចេញពីប្រទេសចិននោះទេ ហើយនឹងជំរុញយ៉ាងសកម្មដល់ការអភិវឌ្ឍដែលមានសុខភាពល្អនៃទំនាក់ទំនង អឺរ៉ុប-ចិន។
គួរបញ្ជាក់ថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពអាស៊ីប៉ាស៊ីហ្វិក វិបត្តិអ៊ុយក្រែន និងបញ្ហាផ្សេងទៀតដែលជាកង្វល់រួម៕
ប្រែសម្រួល ឈូក បូរ៉ា