ព័ត៌មានអន្តរជាតិ

បេកសជនពិសេសរបស់ចិន នឹងបំពេញទស្សនកិច្ច ទៅកាន់អ៊ុយក្រែន, រុស្ស៊ី និងបណ្តាប្រទេសនៅអឺរ៉ុប

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសចិននឹងបញ្ជូនបេសកជនពិសេសមួយរូប ទៅកាន់ប្រទេសអ៊ុយក្រែន រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុប ផ្សេងទៀត ចាប់ពីថ្ងៃចន្ទតទៅ ។

ក្រុងប៉េកាំង បានឲ្យដឹងកាលពីថ្ងៃសុក្រថា អ្នកការទូតរបស់ចិនលំដាប់ខ្ពស់បំផុត នឹងទៅបំពេញទស្សនកិច្ចប្រទេស ដែលហែកហួរដោយសង្រ្គាម ចាប់តាំងពីការឈ្លានពាន របស់ក្រុងម៉ូស្គូ កាលពីឆ្នាំមុន ។

ពីអ៊ុយក្រែនរហូតដល់មជ្ឈិមបូព៌ា ទីក្រុងប៉េកាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានស្វែងរកគោលដៅរបស់ខ្លួន ក្នុងនាមជាអ្នកសម្រុះសម្រួលដែលមានតួនាទីឈានមុខគេ នៅក្នុងការដោះស្រាយវិបត្តិពិភពលោក ។

ប៉ុន្តែ ខណៈដែលចិន លើកឡើងថា ខ្លួនជាភាគីអព្យាក្រឹត នៅក្នុងសង្គ្រាមអ៊ុយក្រែន ការលើកឡើងនេះត្រូវបានគេរិះគន់ ចំពោះការបដិសេធមិនថ្កោលទោសក្រុងម៉ូស្គូ ចំពោះការលុកលុយមួយនេះ ។

គេបានដឹងថា ជាង១ឆ្នាំនៅក្នុងសង្រ្គាម ដែលបានកើតឡើង លោកប្រធានាធិបតីចិន ហ្ស៊ី ជិនពីង ធ្លាប់បានពិភាក្សាជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy តាមទូរស័ព្ទកាលពីខែមុន ។

បន្ទាប់មកក្រុងប៉េកាំងបានប្រកាសថា លោក Li Hui ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំ នៅប្រទេសរុស្ស៊ីពីឆ្នាំ២០០៩ដល់ឆ្នាំ ២០១៩ នឹងដឹកនាំគណៈប្រតិភូ ទៅកាន់ប្រទេសអ៊ុយក្រែន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top