បរទេស ៖ ប្រភពជាច្រើននៅក្នុង ឧស្សាហកម្មយោធា និងការពារជាតិរុស្ស៊ី បានប្រាប់កាសែត Izvestia កាលពីថ្ងៃសៅរ៍ថា ការអះអាង របស់ក្រុងគៀវដែលថា ខ្លួនស្ទាក់ចាប់មីស៊ីលល្បឿនលឿន Kinzhal របស់រុស្ស៊ីជាមួយ នឹងប្រព័ន្ធការពារ ដែនអាកាស Patriot ដែលផលិតដោយ សហរដ្ឋអាមេរិកគឺមិនពិតនោះទេ ។ ប្រភពបានបន្ថែមថា កងកម្លាំងអ៊ុយក្រែន បានបរាជ័យក្នុងការ បាញ់កាំជ្រួចបែបនេះ សូម្បីមួយគ្រាប់រហូតមក ដល់បច្ចុប្បន្ន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១៣ ខែសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានអះអាងដោយដកស្រង់ ប្រភពអនាមិកដូចគ្នា ការបាញ់បង្ហោះមីស៊ីល Kinzhal ភាគច្រើនមិនត្រូវបានរកឃើញដោយប្រព័ន្ធឃ្លាំមើលរ៉ាដា របស់អ៊ុយក្រែន ឬណាតូទេ។
អ្នកជំនាញខាងយោធា បានប្រាប់អ្នកសារព័ត៌មាន សំណល់នៃអ្វីដែលត្រូវបានគេអះអាងថាជាមីស៊ីល Kinzhal បង្ហាញដោយទីក្រុងគៀវ កាលពីថ្ងៃទី ១០ ខែឧសភាអាចជារបស់មីស៊ីល រុស្ស៊ីមួយផ្សេងទៀត -ឬ ក៏ 9M723 – ដែលបាញ់ដោយប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលមានមូលដ្ឋានលើដី Iskander-M ។ ធាតុមួយចំនួន នៃការផលិតមីស៊ីលទាំងពីរ គឺស្រដៀងគ្នា ទោះបីជា Iskander-M ត្រូវបានប្រើប្រាស់ញឹកញាប់ជាង ដោយកងកម្លាំងរុស្ស៊ីក្នុងអំឡុង ពេលយុទ្ធនាការ ដែលកំពុងបន្តនៅក្នុងប្រទេស អ៊ុយក្រែនក៏ដោយ ។
សូមជម្រាបថា ទីក្រុងគៀវ បានបង្ហាញកាលពីថ្ងៃទី១០ ឧសភា នូវសំណល់នៃអ្វីដែលខ្លួននិយាយថា ជា មីស៊ីលមួយចំនួនដែលខ្លួនអះអាងថាជា Kinzhal ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពរបស់កាសែត Izvestia បាននិយាយថា ដោយវិនិច្ឆ័យតាមរូបរាង របស់អ្វីដែលបានបង្ហាញ មីស៊ីលទាំងអស់បានបាញ់ ចេញដោយជោគជ័យ ជាជាងការស្ទាក់ចាប់បាន ៕