គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអាទិត្យ ថា ក្រុង គៀវ និងសម្ព័ន្ធមិត្តរបស់ខ្លួន អាចធ្វើឱ្យការ បរាជ័យរបស់រុស្ស៊ី “មិនអាចត្រឡប់វិញបាន” នៅដើមឆ្នាំនេះ ខណៈដែលគាត់ទទួលបានកញ្ចប់យោធា ថ្មីដ៏ច្រើននៅក្នុងការធ្វើដំណើរ ទៅកាន់ប្រទេសអាល្លឺម៉ង់ ។
សម្រាប់ដំណើរទស្សនកិច្ចនេះបានបង្កើតឡើង ជាផ្នែកមួយនៃដំណើរទស្សនកិច្ចចុង សប្តាហ៍នៃប្រទេសសម្ព័ន្ធមិត្ត សំខាន់ៗនៅអឺរ៉ុបមួយចំនួនដើម្បីប្រមូល ផ្តុំជំនួយផ្នែកយោធា និងហិរញ្ញវត្ថុនៅមុនការវាយលុកដ៏ធំដែលគេរំពឹង ទុករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ។
គួរបញ្ជាក់ថា វាគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអ៊ុយក្រែនទៅកាន់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ ។ គាត់ក៏បានជួបជាមួយមន្ត្រីអ៊ីតាលី និងសម្តេចសង្ឃប៉ាប Francis នៅទីក្រុងរ៉ូមកាលពីថ្ងៃសៅរ៍ ហើយកាលពីល្ងាចថ្ងៃអាទិត្យគាត់បានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Elysee មុនពេលអ្នកទាំង២ចូលទៅខាងក្នុងដើម្បីទទួល ទានអាហារពេលល្ងាច សម្រាប់ការប្រជុំ ។
លោក Zelenskiy បានថ្លែងនៅក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងប៊ែកឡាំងជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz ថា “ឥឡូវនេះគឺជាពេលវេលាសម្រាប់យើងដើម្បីកំណត់ការបញ្ចប់សង្រ្គាមរួចហើយនៅឆ្នាំនេះ យើងអាចធ្វើឱ្យការបរាជ័យរបស់អ្នកឈ្លានពានមិនអាចត្រឡប់ក្រោយបានទេនៅឆ្នាំនេះ” ។
លោក Scholz បានគូសបញ្ជាក់ពីការសន្យារបស់អាល្លឺម៉ង់ក្នុងការបន្តគាំទ្រអ៊ុយក្រែនឱ្យបានយូរតាមដែលចាំបាច់ ដោយបានច្រានចោលនូវសំណួរអំពីភាពតានតឹងពីមុននៅក្នុងទំនាក់ទំនងទ្វេភាគី និងការបោះជំហានសំណួរមួយទៀត អំពីក្តីសង្ឃឹមរបស់ ក្រុង គៀវ ដើម្បីចូលរួមជាមួយអង្គការ NATO ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា