ព័ត៌មានអន្តរជាតិ

Update: គណបក្ស​ របស់នាយករដ្ឋមន្រ្តី ចាំផ្ទះរបស់ថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចាថា នឹងគោរពការផ្លាស់ប្តូរ អំណាចតាមបែប ប្រជាធិបតេយ្យ

បរទេស៖ នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ គឺ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណចំពោះអ្នកបោះឆ្នោតសម្រាប់ការគាំទ្ររបស់ពួកគេ ហើយបាននិយាយថា លោកគោរពលទ្ធិប្រជាធិបតេយ្យ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ បាននិយាយនៅម៉ោង ១០យប់កាលពីថ្ងៃអាទិត្យ ខណៈដែលវា ច្បាស់ថា គណបក្ស United Thai Nation (UTN) របស់លោកបានរង បរាជ័យយ៉ាងខ្លំាង ក្រោមកណ្តាប់ដៃរបស់គណបក្ស Move Forward និង គណបក្ស ភឿថៃ ដែលជាគណបក្សប្រឆាំង ។

លោក ប្រាយុទ្ធ បានប្តេជ្ញាបន្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រពេញមួយជីវិត ស្របតាមទស្សនវិជ្ជា របស់គណបក្សរបស់លោក ។

មេដឹកនាំរដ្ឋប្រហារឆ្នាំ ២០១៤ បាននិយាយថា លោកគោរពលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត ហើយសង្ឃឹមសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងប្រទេសថៃ។

ចំណែកមេដឹកនាំ UTN លោក Peeraphan Salirathavibhaga បានបញ្ជាក់ថា ឧត្តមសេនីយ ប្រាយុទ្ធ នឹងបន្តធ្វើជាអ្នកយុទ្ធសាស្រ្ត របស់គណបក្ស ដោយបន្ថែមថា UTN នឹងគោរពការផ្លាស់ប្តូរ អំណាចតាមបែបប្រជាធិបតេយ្យ ។ លោក​បាន​និយាយ​ថា ការ​រំពឹង​ទុក​របស់​លោក ​សម្រាប់​គណបក្ស​ដែល​មាន​អាយុ​ពីរ​ឆ្នាំ​របស់​លោក​មិន​មាន​ខ្ពស់​ ក្នុង​ការ​ឈាន​ទៅ​បោះឆ្នោត​នោះ​ទេ ។

លោកថា យើង​មិន​បាន​រំពឹង​ទុក​អ្វី​នោះ​ទេ។ យើង​គ្រាន់​តែ​ចង់​ឲ្យ​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​របស់​យើង​ទាំង​អស់​ប្រឹងប្រែង​ជា​អតិបរមា»៕

ប្រែសម្រួលៈ ណៃ តុលា

To Top