បរទេស ៖ នាយករដ្ឋមន្ត្រីថៃ ដែលជិតផុត អាណត្តិ គឺលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោត និងបានអបអរសាទរ ដល់គ្រប់ភាគីទាំងអស់ កាលពីថ្ងៃអង្គារ ។
យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គណបក្ស United Thai Nation របស់លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានត្រឹមតែ ៣៦ អាសនៈក្នុងការបោះឆ្នោតសកលថ្ងៃទី ១៤ ខែឧសភា។
លោក ប្រាយុទ្ធ ដែលបានមកដល់វិមានរដ្ឋាភិបាល សម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅក្នុងការបង្ហាញខ្លួនលើកដំបូងចាប់តាំងពីថ្ងៃអាទិត្យ (ឧសភា) បាននិយាយថា «ខ្ញុំសូមអបអរសាទរដល់គណបក្សទាំងអស់ ដែលបានទទួលសំឡេងឆ្នោត ពីប្រជាពលរដ្ឋ ។ ចាប់ពីពេលនេះទៅ វាជាការផ្លាស់ប្តូរ និងការបង្កើតរដ្ឋាភិបាល» ។
គណបក្ស Move Forward និងគណបក្សប្រឆាំង ដែលមានទម្ងន់ធ្ងន់ គឺគណបក្ស ភឿថៃ បានទទួលសំឡេងគាំទ្រលើសលប់ក្នុងការបោះឆ្នោត ដែលអាចជាសញ្ញាបង្ហាញ ពីការបញ្ចប់ការគ្រប់គ្រង ជាច្រើនឆ្នាំដោយគណបក្សគាំទ្រ ដោយកងទ័ព។
សម្ព័ន្ធភាពរបស់ពួកគេនឹងត្រូវធានាថា កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនឹង មិនត្រូវបានរារាំង ដោយព្រឹទ្ធសភា ដែលតែងតាំងដោយយោធា ដែលនឹងបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីនៅក្នុងសភា ដែលមានសមាជិកចំនួន ៧៥០ រូប ៕