ព័ត៌មានអន្តរជាតិ

រយៈពេល ៥ឆ្នាំ​មក​នេះ ការ​ផ្លាស់​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក ធ្វើ​ឲ្យ​ជម្លោះ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ​កាន់​តែ​ខ្លាំង​ឡើង

រ៉ាម៉ាឡា៖ អ្នកវិភាគនយោបាយប៉ាឡេស្ទីនបានឲ្យដឹងថា ប្រាំឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិក បានផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែលពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងយេរ៉ូសាឡឹម ជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល កាន់តែធ្ងន់ធ្ងរទៅៗ។

នៅក្នុងបទសម្ភាសន៍រៀងៗខ្លួនជាមួយស៊ីនហួ លោក Abdul Majid Sowailim និងលោក Khalil Shaheen អ្នកវិភាគនយោបាយពីរនាក់ ដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា បានឲ្យដឹងថា ការសម្រេចចិត្ត “ចម្រូងចម្រាស” របស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រាន់តែធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង។

ក្រុមអ្នកវិភាគបានឲ្យដឹងថា ជាលទ្ធផលនៃជំហរលំអៀង របស់អាមេរិក អ៊ីស្រាអែល បានបង្កើនការបំពានរបស់ពួកគេ ប្រឆាំងនឹងប៉ាឡេស្ទីន រួមទាំងការពន្លឿនសកម្មភាពតាំងទីលំនៅ និងប្រតិបត្តិការកាន់តែខ្លាំងប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ West Bank ។

លោក Sowailim បានចោទប្រកាន់សហរដ្ឋអាមេរិកថា “បានក្លាយជាផ្នែកមួយនៃវិបត្តិនយោបាយរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយសារតែភាពលំអៀងមិនចេះចប់ និងបង្កហេតុរបស់ខ្លួន ចំពោះការកាន់កាប់របស់អ៊ីស្រាអែល” ។

ដោយនិយាយថាលោក ចូ ​បៃដិន មិនបានផ្លាស់ប្តូរ “ការសម្រេចចិត្តដ៏ចម្រូងចម្រាសណាមួយ ដែលចេញដោយ លោក ដូណាល់ ត្រាំ “លោក Sowailim បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោន សម្រាប់ការការពារអ៊ីស្រាអែល យ៉ាងក្លាហានពីការដាក់ទណ្ឌកម្មឬការចោទប្រកាន់ជាអន្តរជាតិនៅពេលដែលខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងប៉ាឡេស្ទីន និងបំពានច្បាប់អន្តរជាតិ។

លោក Sowailim ត្រូវ​បាន​បន្ទរ​ដោយលោក Shaheen ដែល​បាន​លើកឡើង​ថា “ចាប់​តាំង​ពី​សហរដ្ឋ​អាមេរិក​បាន​ផ្លាស់​ប្តូរ​ស្ថានទូត​របស់​ខ្លួន​ទៅ​ក្រុងយេរ៉ូសាឡឹម ប្រជាជន​ប៉ាឡេស្ទីន ​លែង​មាន​ជំនឿ ឬ​ក្តី​សង្ឃឹម​លើ​ជនជាតិ​អាមេរិក​ទៀត​ហើយ”។

លោក Shaheen បានសង្កត់ធ្ងន់ថា ទាំងលោកបៃដិន និងប្រធានាធិបតីអាមេរិកផ្សេងទៀត នឹងមិនផ្លាស់ប្តូរជំហររបស់អាមេរិក ចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលឡើយ លោក បានសង្កត់ធ្ងន់ដោយកត់សម្គាល់ថា ប្រជាជនប៉ាឡេស្ទីនរំពឹងថា “គ្មានផលប្រយោជន៍នយោបាយពីរដ្ឋបាលសហរដ្ឋអាមេរិកនោះទេ” ។

ចំពោះការស្វែងរកដំណោះស្រាយចុងក្រោយ ចំពោះជម្លោះជាមួយអ៊ីស្រាអែល អ្នកវិភាគទាំងពីរបានអំពាវនាវឱ្យថ្នាក់ដឹកនាំប៉ាឡេស្ទីន ទាញមេរៀនពីបទពិសោធន៍កន្លងមក ហើយងាកទៅរកមហាអំណាចផ្សេងទៀត ដែលអាចជំរុញឱ្យមានការចរចាសន្តិភាពប៉ាឡេស្ទីន-អ៊ីស្រាអែល ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយរាប់ទសវត្សរ៍ ផ្អែកលើសិទ្ធិមនុស្ស។

នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ អ៊ីស្រាអែល បានកាន់កាប់តំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត ដែលត្រូវបានទាមទារដោយប៉ាឡេស្ទីន។ ចាប់​តាំង​ពី​ពេល​នោះ​មក អ៊ីស្រាអែល ​បាន​បង្កើត​តំបន់​នោះ​ជាមួយ​នឹង​អ្នក​ស្រុក​ជ្វីហ្វ។ សហគមន៍​អន្តរជាតិ ​ចាត់​ទុក​ការ​បង្កើត​ការ​តាំង​ទីលំនៅ​របស់​អ៊ីស្រាអែល ​នៅ​ក្នុង​ទឹកដី​ដែល​កាន់កាប់​ដោយ​ខុសច្បាប់៕ប្រែសម្រួល ឈូក បូរ៉ា

To Top