ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះប្រទេសណាមួយ ដែលប្រើប្រាស់នូវអ្វី ដែលគេហៅថា សន្ធិសញ្ញាទ្វេភាគីជាលេស ដើម្បីជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងធ្វើឱ្យប៉ះពាល់ដល់ អធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ ដែនសមុទ្ររបស់ចិន នេះបើតាមអ្នកនាំពាក្យការពារជាតិ បាននិយាយកាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យក្រសួងការពារជាតិលោក Tan Kefei បានឲ្យដឹងនៅពេលធ្វើអត្ថាធិប្បាយលើគោលការណ៍ណែនាំការពារទ្វេភាគី ដែលទើបបញ្ចប់ថ្មីៗនេះថា សមុទ្រចិនខាងត្បូង គួរតែជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាជាងជាវេទិកាសម្រាប់ការប្រឈមមុខដាក់គ្នាដោយប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក និងហ្វីលីពីន។
លោកបានលើកឡើងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន នឹងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរដែលពាក់ព័ន្ធ និងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕
ប្រែសម្រួល ឈូក បូរ៉ា
