តូក្យូ៖ ទីភ្នាក់ងារប៉ូលីសជាតិ (NPA) របស់ជប៉ុនបានឲ្យដឹងថា បុគ្គលិកសន្តិសុខរហូតដល់ ២៤០០០នាក់ នឹងត្រូវដាក់ពង្រាយ សម្រាប់ការពារសន្ដិសុខកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ (G7) នាពេលខាងមុខនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុន។
យោងតាមប្រភពពី NPA បានឱ្យដឹងថា ក្រៅពីកងកម្លាំងប៉ូលីសប្រហែល ៣០០០នាក់ ដែលឈរជើងនៅក្នុងទីក្រុងម្ចាស់ផ្ទះ បុគ្គលិកប្រហែល ២១០០០ នាក់មកពីនាយកដ្ឋានប៉ូលីសប្រចាំខេត្តចំនួន ៤៥ នៅទូទាំងប្រទេស នឹងត្រូវបញ្ជូនទៅកាន់ប៉ូលីសខេត្តហ៊ីរ៉ូស៊ីម៉ា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល ដែលបានកំណត់ សម្រាប់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យក្នុងសប្ដាហ៍នេះ។
ប្រភពព័ត៌មានពី NPA ក៏នឹងបង្កើតក្រុមការងារ G7 ដែលដឹកនាំដោយអគ្គស្នងការរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ស្អែកនេះផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា ការរៀបចំសន្តិសុខរបស់ខ្លួនត្រូវបាន ពង្រឹងពីផែនការដំបូងរបស់ខ្លួន បន្ទាប់ពីឧបករណ៍ផ្ទុះមួយ ត្រូវបានគប់ទៅលើនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ក្នុងអំឡុងព្រឹត្តិការណ៍យុទ្ធនាការមួយ នៅទីក្រុងវ៉ាកាយ៉ាម៉ា ភាគខាងលិចប្រទេស កាលពីថ្ងៃទី១៥ ខែមេសា៕
ប្រែសម្រួល ឈូក បូរ៉ា