ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី កាន់តំណែងខ្លីជាងគេបំផុត របស់​អង់គ្លេសលោកស្រី Liz Truss ចាប់ផ្ដើមបំពេញទស្សនកិច្ច​ នយោបាយ ​ទៅកាន់កោះ​តៃវ៉ាន់

ប៉េកាំង៖ អ្នកជំនាញចិនបានឲ្យដឹងថា ដំណើរទស្សនកិច្ចដោយមិនប្រុងប្រយ័ត្នរបស់លោកស្រី Liz Truss ទៅកាន់កោះតៃវ៉ាន់ អាចប៉ះពាល់ដល់ជំហរតុល្យភាព ដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានចូលរួមជាមួយប្រទេសចិន។

អ្នកជំនាញចិនបានឲ្យដឹងថា ខណៈដែលនាយករដ្ឋមន្ត្រីដែលកាន់អំណាចខ្លីបំផុតរបស់ចក្រភពអង់គ្លេស និងនៅតែជាសមាជិកសភា បានចាប់ផ្តើមដំណើរ​ទស្សនកិច្ច ៥​ថ្ងៃ​ទៅកាន់​តំបន់​តៃវ៉ាន់​របស់​ចិន ​នៅ​ថ្ងៃ​អង្គារ ជា​កន្លែង​ដែល​លោកស្រី ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជួប​ជាមួយ​មន្ត្រី​អបគមន៍។

លោកស្រី Truss ដែល​គេ​ស្គាល់​ថា ​ជា​ជំហរ​មិន​សូវ​ល្អ​របស់លោកស្រី ​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង បាន​ចុះ​ចត​លើ​កោះ​តៃវ៉ាន់ ​កាល​ពី​ថ្ងៃ​អង្គារ។ មុនពេលការមកដល់របស់លោកស្រី Truss បានអំពាវនាវឱ្យមានសកម្មភាពបន្ថែមទៀតពី លោកខាងលិច ដើម្បីចូលរួមជាមួយអាជ្ញាធរអបគមន៍របស់កោះនេះ និងប្រយុទ្ធប្រឆាំងនឹងទីក្រុងប៉េកាំង នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Politico កាលពីថ្ងៃចន្ទ។

លោកស្រីក៏ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យលោកខាងលិច “ទទួលបានពិតប្រាកដអំពីកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ” ដើម្បីជួយដល់កោះនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា គោលនយោបាយរបស់ចក្រភពអង់គ្លេស ចំពោះសំណួរតៃវ៉ាន់នៅតែ “មិនផ្លាស់ប្តូរ” ពីពេលដែលលោកស្រី Truss ជារដ្ឋមន្ត្រីការបរទេស និងនៅ Downing Street។

ក្រុមអ្នកវិភាគបានឲ្យដឹងថា ដំណើរទស្សនកិច្ចបង្កហេតុរបស់ លោកស្រី Truss ដែលលោកស្រីអះអាងថា ធ្វើឡើងតាមការអញ្ជើញរបស់អាជ្ញាធរនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) នៅលើកោះនេះ នឹងមិននាំមកនូវផលប្រយោជន៍អ្វីច្រើនដល់កោះនេះ ក្រៅពីការគាំទ្រដោយពាក្យសម្ដីនោះទេ។ ហើយលោកស្រី Truss ខ្លួនឯងប្រហែលជាមិនដឹងថា លោកស្រីកំពុងត្រូវបានប្រើប្រាស់ដោយ DPP ធ្វើជាម៉ាស្កូត សម្រាប់ការបោះឆ្នោតថ្នាក់ដឹកនាំតំបន់ឆ្នាំ២០២៤ នោះទេ។

មុនពេលដំណើរទស្សនកិច្ចរបស់លោកស្រី Truss លោកស្រី Alicia Kearns សមាជិកសភាជាន់ខ្ពស់អភិរក្សនិយម ដែលធ្វើជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់បានឲ្យដឹងថា ដំណើររបស់លោកស្រី Truss គឺ “ដំណើរទស្សនកិច្ច មិនសំខាន់នោះទេ” ។

លោកស្រីបានពណ៌នាអំពីការធ្វើដំណើរនេះថាជា “ប្រភេទការទូត Instagram ដ៏អាក្រក់បំផុត” ទំនងជាធ្វើឱ្យស្ថានភាពធម្មតានៅលើកោះនេះកើនឡើង ហើយជា “ការរក្សាខ្លួនលោកស្រី ឱ្យជាប់ពាក់ព័ន្ធ” នេះបើយោងតាមរបាយការណ៍របស់កាសែត Guardian ។

លោក Li Guanjie អ្នកស្រាវជ្រាវនៅបណ្ឌិតសភាអភិបាលកិច្ចសកល និងការសិក្សាតំបន់សៀងហៃ ក្រោមសាកលវិទ្យាល័យ Shanghai International Studies បានលើកឡើងថា ដោយសារឋានៈរបស់លោកស្រី Truss ជាសមាជិកសភា និងជាអតីតនាយករដ្ឋមន្ត្រី លោកស្រី ទំនងជាត្រូវបានអនុញ្ញាតឱ្យទៅទស្សនកិច្ចកោះតៃវ៉ាន់ ជាមួយ ការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top