បរទេស៖ ប្រភពយោធាមួយ បាននិយាយកាលពីថ្ងៃអង្គារថា មេទ័ពកំពូលទាំង៥រូប និងជាអគ្គស្នងការនគរបាលជាតិ របស់ថៃ ដែលស្ថិតនៅក្នុងសមាជិកភាពរបស់ព្រឹទ្ធសភា បាននិយាយថា ពួកគេ នឹងមិនបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្ត្រីថ្មីនោះទេ ។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីយោធាកំពូលទាំង៥រូប នៅក្នុងព្រឹទ្ធសភា គឺរួមមាន ឧត្តមសេនីយ៍ សាននីឆានុក សាំងខាឆាន លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិ, អគ្គមេបញ្ជាការកំពូល លោក ឆាលើមពុល ស្រ៊ីសាវ៉ាត់ (Chalermpol Srisawat); នាយឧត្តមសេនីយ៍ ណារ៉ុងផាន ជីកែវថែ (Narongpan Jitkaewthae) ដែលជាមេទ័ពជើងគោក, ឧត្តមនាវីឯក ឆេងឆៃ ឆោមឈឿងប៉ាត មេទ័ពជើងទឹក; និងមេទ័ពអាកាសលោក អាឡុងកន វណ្ណារ័ត្ន (Alongkorn Vannarot) ។ ប្រភពបានឲ្យដឹងថា មន្ត្រីយោធាកំពូលទាំង៥រូប និងអគ្គស្នងការនគរបាលជាតិ បានបោះបង់សិទ្ធិបោះឆ្នោតលើបញ្ហានយោបាយ ព្រោះចង់រក្សាអព្យាក្រឹតភាព។
ប្រភពបានឲ្យដឹងថា មន្ត្រីយោធាកំពូលទាំងប្រាំរូប និងអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ដាំរ៉ុងសាក់ កិត្តិប្រាប៉ាស បានសម្រេចចិត្តមិនចូលរួមជាមួយសមាជិកព្រឹទ្ធសភាចំនួន ២៤៤ រូបទៀត ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនោះឡើយ។
ប្រភពដដែលបានបន្តថា មេទាហាន និងមេប៉ូលិសកំពូលៗ បានបោះបង់សិទ្ធិបោះឆ្នោតលើបញ្ហានយោបាយ ព្រោះចង់រក្សាអព្យាក្រឹតភាពរបស់ពួកគេ។
អ្នកទាំង៦រូបបានប្រកាសមុននេះថា ពួកគេនឹងមិនយកប្រាក់បៀវត្សរ៍ធ្វើជាសមាជិកព្រឹទ្ធសភា ហើយបដិសេធមិនបោះឆ្នោតលើបញ្ហាផ្សេងទៀតនៅក្នុងសភា ថែមទៀត។
ប្រភពបានបន្ថែមថា វានឹងមានពេលបន្តិចថែមទៀត មុនពេលដែលសភាទាំងពីរ សហការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដោយសារតែ គណៈកម្មការបោះឆ្នោតថៃ (EC) មិនទាន់បានយល់ព្រមលើលទ្ធផលបោះឆ្នោត ដើម្បីសភាតំណាងកោះប្រជុំលើកដំបូងរបស់ខ្លួន និងជ្រើសរើសប្រធានសភា។
សមាជិកព្រឹទ្ធសភាចំនួន ២៥០ រូប ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ឬដោយយោធា ហើយត្រូវបានគេមើលឃើញថា ជាយន្តការសភាដ៏សំខាន់ ដើម្បីជួយដល់អ្នកធ្វើរដ្ឋប្រហារ រក្សាអំណាចកាន់អំណាច។
ប្រែសម្រួលៈ ណៃ តុលា7