ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងស្វែងរកការពន្លឿន ការលក់អាវុធ ចំពេលនៃការកើនឡើង ភាពតានតឹង សកលលោក

បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក កំពុងស្វែងរកការពន្លឿន ការលក់អាវុធ ចំពេល “យុគសម័យនៃការប្រកួតប្រជែង ជាយុទ្ធសាស្រ្តថ្មី” និងការកើនឡើងនៃភាពតានតឹង ជាសកល, នេះបើយោងតាមផែនការដប់ចំណុចថ្មី ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះបីជារដ្ឋាភិបាលសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យលក់អាវុធ និងការបណ្តុះបណ្តាលជាមធ្យម ៤៥,៨ ពាន់លានដុល្លារក្នុងមួយឆ្នាំ ចន្លោះឆ្នាំ ២០១៩ និង ២០២២ ក៏ដោយ ក៏ “ពេលវេលាបានមកដល់ដើម្បីវាយតម្លៃឡើងវិញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ និងកំពុងកើតឡើង” , នេះបើតាមក្រសួងការបរទេសបានប្រកាសដោយចង្អុលទៅជម្លោះអ៊ុយក្រែនដែលកំពុងបន្ត និង ភាពតានតឹងនៅឥណ្ឌូប៉ាស៊ីហ្វិក។

យោងតាមរបាយការណ៍របស់ Wall Street Journal នៅថ្ងៃព្រហស្បតិ៍នេះ កម្មវិធីថ្មីនេះកើតឡើងនៅពេលដែលក្រសួងការបរទេសកំពុងព្យាយាមកែតម្រូវការពន្យារពេលក្នុងការលក់ទៅឱ្យយោធាបរទេស ដែលបណ្តាលមកពីប្រព័ន្ធ “ប្រថុយប្រថាន និងយឺតយ៉ាវ”។

ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះគឺថា បញ្ហាទាំងនេះបានបណ្តាលឱ្យមានការភ័យខ្លាចថា ដៃគូមួយចំនួនរបស់អាមេរិក អាចចាប់ផ្តើម “ទិញអាវុធពីប្រទេសសត្រូវមួយចំនួនរបស់អាមេរិក ដូចជារុស្ស៊ី និងចិន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top