ព័ត៌មានអន្តរជាតិ

Update៖ ចិន កោះហៅ ឯកអគ្គរដ្ឋទូតជប៉ុន ឲ្យបំភ្លឺរឿងបំភាន់ទាក់ទិននឹងប្រទេសចិន នៅក្នុងកិច្ចប្រជុំក្រុម G7

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា លោក Sun Weidongអនុរដ្ឋមន្ត្រីការបរទេសចិន បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុន ឱ្យបំភ្លឺអំពីការតវ៉ាលើ “ការបំភាន់ជុំវិញបញ្ហាទាក់ទងនឹងប្រទេសចិន” នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ រឺហៅថា G7 នៅចុងសប្តាហ៍នេះ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងបានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យបានដាក់ដូច្នេះ ។

ប្រមុខនៃកិច្ចប្រជុំលទ្ធិប្រជាធិបតេយ្យឈានមុខគេរបស់ពិភពលោកនៅទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃភាពតានតឹងនៅក្នុងដែនសមុទ្រចិនខាងកើត និងខាងត្បូង ក៏ដូចជាការបញ្ចេញការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសចិន រួមទាំងនៅទីបេ និងស៊ីនជាំង ផងដែរ ។

លោក Sun បានលើកឡើងថា ប្រទេសជប៉ុន បានសហការជាមួយប្រទេសផ្សេងទៀតនៅក្នុងកិច្ចប្រជុំកំពូលក្រុម G7 “នៅក្នុងសកម្មភាព និងសេចក្តីប្រកាសរួម … ដើម្បីលាបពណ៌ និងវាយប្រហារប្រទេសចិន ជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រំលោភលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងស្មារតីនៃឯកសារនយោបាយទាំង៤រវាង ចិន និងជប៉ុន” សំដៅលើសេចក្តីថ្លែងការណ៍រួមចិន-ជប៉ុនឆ្នាំ១៩៧២ ។

លោកបានលើកឡើងថា សកម្មភាពរបស់ជប៉ុន គឺធ្វើឱ្យខូចដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ហើយថា ប្រទេសចិន “មិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាត” ។

លោក Sun បានថ្លែងថា “ប្រទេសជប៉ុន គួរតែកែតម្រូវការយល់ដឹងរបស់ខ្លួនអំពីប្រទេសចិន ចាប់យកស្វ័យភាពជាយុទ្ធសាស្រ្ត ប្រកាន់ខ្ជាប់នូវគោលការណ៍នៃឯកសារនយោបាយទាំង៤រវាងចិន និងជប៉ុន ហើយពិតជាជំរុញឱ្យមានការអភិវឌ្ឍន៍ស្ថិរភាពនៃទំនាក់ទំនងទ្វេភាគីជាមួយនឹងអាកប្បកិរិយាសមរម្យ” ។

លោក Hideo Tarumi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសចិន បានបដិសេធថា វាគឺជា “ច្បាប់ធម្មជាតិ” សម្រាប់ក្រុម G7 ដែលសំដៅទៅលើបញ្ហានៃក្តីកង្វល់រួម ដូចដែលខ្លួនបានធ្វើនាពេលកន្លងមក ហើយនឹងបន្តធ្វើដូច្នេះនៅពេលអនាគត ដរាបណាចិន មិនផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top