ព័ត៌មានអន្តរជាតិ

ឥណ្ឌា រងឥទ្ធិពលរលកកម្តៅខ្លាំង ហើយរដ្ឋធានីរបស់ខ្លួន ត្រូវប្រកាសអាសន្នដោយសារ សីតុណ្ហភាពកើនឡើងខ្លាំងពេក

ឥណ្ឌា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសឥណ្ឌាពីភាគពាយព្យ ទៅភាគអាគ្នេយ៍បានទប់ទល់នឹង កម្តៅដ៏ក្តៅគគុកបន្ថែមទៀតនៅថ្ងៃចន្ទនេះ ដោយទីក្រុងញ៉ូដេលី ស្ថិតនៅក្រោមការប្រកាសអាសន្ន អាកាសធាតុធ្ងន់ធ្ងរ ខណៈដែលសីតុណ្ហភាពខ្លាំងបាន វាយប្រហារផ្នែកខ្លះនៃប្រទេសនេះ ។

នាយកដ្ឋានឧតុនិយមឥណ្ឌា បានចេញការជូនដំណឹងអំពី​ រលកកម្តៅសម្រាប់រដ្ឋចំនួន ៧ភាគខាងត្បូង និងកណ្តាលកាលពីសប្តាហ៍មុន ហើយបានកើនឡើងកម្តៅនៅរដ្ឋធានី និងរដ្ឋភាគខាងជើងមួយចំនួនថ្ងៃចន្ទនេះ ខណៈដែលសីតុណ្ហភាពក្តៅ បានឈានដល់កម្រិតធម្មតា ។

នាយកដ្ឋានបានព្រមានថា កម្តៅកើនឡើងខ្លាំងនឹងបន្ត នៅប៉ុន្មានថ្ងៃខាងមុខនេះ មុនពេលមានភ្លៀងធ្លាក់មកវិញ ។ នាយកដ្ឋានបានឲ្យដឹងថា ខ្យល់មូសុងពីទិសនិរតីត្រូវបាន ពន្យារពេលបន្តិចនៅក្នុងឆ្នាំនេះ ហើយនឹងវាយលុកនៅសប្តាហ៍ដំបូងនៃខែមិថុនា ដែលបណ្តាលឱ្យសីតុណ្ហភាព បន្តឡើងខ្ពស់ជាងធម្មតា ។

នៅគ្រាដែលសីតុណ្ហភាពបានឡើងដល់ ៤៥អង្សាសេ នៅភាគខាងជើងនៃរដ្ឋ Uttar Pradesh ផ្នែកខ្លះបានរងការដាច់ភ្លើងក្នុងរយៈពេលជាង ១២ម៉ោង បើទោះបីជាមានការបញ្ជាទិញ កាលពីខែមីនាសម្រាប់រោងចក្រ ថាមពលទាំងអស់នៅក្នុងប្រទេសនេះ ដំណើរការពេញសមត្ថភាពដើម្បី កាត់បន្ថយការដាច់ចរន្តអគ្គិសនីក៏ដោយ ។ មន្ត្រីឧតុនិយមបានឲ្យដឹងថា រលកកម្តៅក្នុងរដ្ឋទំនងជា បន្តរយៈពេល២ថ្ងៃទៀត។

អ្នកស្រុកដែលខកចិត្តរាប់រយនាក់ បានតវ៉ានៅខាងក្រៅស្ថានីយ៍ ថាមពលនៅជិតរដ្ឋធានីរដ្ឋ Lucknow និងបានបិទផ្លូវកាលពីចុងសប្តាហ៍ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top