ព័ត៌មានអន្តរជាតិ

MoU របស់គណបក្សទាំង៨នៅថៃ ជា​និមិត្តរូប​បិទ​សម័យដឹកនាំ​របស់​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា

បរទេស៖ សម្ព័ន្ធនៃគណបក្សចំនួនប្រាំបីដែលដឹកនាំដោយគណបក្ស Move Forward បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាការនាំមុខសម្រាប់ការបង្កើតរដ្ឋាភិបាលបន្ទាប់ ដោយបង្ហាញពីបេសកកម្មចំនួន ២៣ សម្រាប់រដ្ឋបាលថ្មី។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំនៃដៃគូចម្រុះ – គណបក្ស Move Forward, គណបក្សភឿថៃ, គណបក្សថៃសាងថៃ, គណបក្សប្រាឆាឆាត់, គណបក្សសេរីរួមថៃ, គណបក្សភឿថៃរាំផាឡាំង, គណបក្សយុត្តិធម៌ និងគណបក្សផ្លុងស៊ុងកុមម៉ៃ បានរួមគ្នាកាលពីថ្ងៃចន្ទដើម្បីប្រកាស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមដើម្បីបង្កើតរដ្ឋាភិបាល។

នាយករដ្ឋមន្ត្រីដែលកំពុងរងតចាំ គឺលោក Pita Limjaroenrat មេដឹកនាំបក្ស Move Forward ដែលបានក្លាយជាគណបក្សដែលមានអាសនៈច្រើនជាងគេបន្ទាប់ពីការបោះឆ្នោតថ្ងៃទី ១៤ ឧសភា បាននិយាយថា MoU នឹងជាមូលដ្ឋានសម្រាប់ការបង្កើតរដ្ឋាភិបាលចម្រុះ និងការសហការរវាងគណបក្សនានា។

លោកថា ភាគីទាំងអស់បានឯកភាពគ្នាថា គ្មានបេសកកម្មរបស់រដ្ឋាភិបាលណាដែល ប៉ះពាល់ដល់ឋានៈរបស់ប្រទេសជារដ្ឋឯកបក្ស ជាលទ្ធិប្រជាធិបតេយ្យក្រោម ក្របខណ្ឌរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងឋានៈមិនអាចរំលោភបានរបស់ព្រះមហាក្សត្រ នោះទេ។

លោកបាននិយាយថា កាលបរិច្ឆេទ និងពេលវេលាដែលត្រូវបានជ្រើសរើស សម្រាប់ការចុះហត្ថលេខាលើ MoU នេះមានសារៈសំខាន់ ជានិមិត្តរូប ព្រោះវាប្រារព្ធខួបលើកទី៩ នៃរដ្ឋប្រហារយោធាឆ្នាំ ២០១៤ ។

រដ្ឋប្រហារបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ហើយបាននាំឱ្យឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា ឡើងកាន់អំណាចជានាយករដ្ឋមន្ត្រី។

លោក Pita បាននិយាយមុនពេលលាតត្រដាងខ្លឹមសារនៃ MoU ថា MoU នេះ​ជា​និមិត្តរូប​បិទ​សម័យ នៃ​ការ​ដឹកនាំ​របស់​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា៕ ប្រែសម្រួលៈ ណៃ តុលា

To Top