ព្រុចសែល ៖ ប្រធានគោលនយោបាយ ការបរទេសរបស់ប្លុកលោក Josep Borrell បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសសមាជិកសហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង ស្តីពីជំនួយយោធាថ្មី សម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
លោក Borrell បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ របស់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារថា រដ្ឋជាសមាជិកភាគច្រើនលើសលប់ បានគាំទ្រសំណើរ ដើម្បីបង្កើនថវិកាជំនួយសន្តិភាពអឺរ៉ុបចំនួន ៣,៥ ពាន់លានអឺរ៉ូ (៣,៧៧ពាន់លានដុល្លារ) ទោះបីជាលោកបានសង្កត់ធ្ងន់ថា មិនមែនទាំងអស់នឹងត្រូវបានប្រើ ដើម្បីជួយអ៊ុយក្រែនក៏ដោយ។
លោកបានលើកឡើងថា “ខ្ញុំនៅតែមិនមានឯកច្ឆ័ន្ទលើរឿងនេះទេ ហើយវានៅតែកំពុងពិភាក្សា” ដោយបន្ថែមថាលោករំពឹងថា “ឧបសគ្គ” ដែលនៅសល់ នឹងត្រូវឆ្លងកាត់ក្នុងពេលឆាប់ៗនេះ។ លោកបានរំឭកថា ជំនួយយោធាជាង ១០ ពាន់លានអឺរ៉ូ ត្រូវបានផ្តល់ឲ្យអ៊ុយក្រែនរួចហើយ។
លោក Borrell បានបន្ដថា បណ្តាប្រទេសសហភាពអឺរ៉ុប បានផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំចំនួន ២២ម៉ឺន ដើម និងកាំជ្រួចចំនួន ១៣០០គ្រាប់ ចាប់តាំងពីខែមីនាមក។ ទាំងនេះមានតម្លៃ ៨០០លានអឺរ៉ូ ហើយសហភាពអឺរ៉ុប កំពុងស្ថិតនៅលើផ្លូវក្នុងការផ្តល់គ្រាប់រំសេវ ដែលមានតម្លៃ ១ ពាន់លានអឺរ៉ូបន្ថែមទៀត។
លោក Borrell បានបន្ដថា “គោលបំណងរបស់យើង គឺផ្តល់នូវកាំជ្រួចចំនួនមួយលានដើម ក្នុងរយៈពេល ១២ ខែខាងមុខនេះ” ដោយបន្ថែមថា សហភាពអឺរ៉ុប បានបណ្តុះបណ្តាលទាហានអ៊ុយក្រែនចំនួន ២០០០០នាក់រួចហើយ និងកំពុងស្ថិតនៅលើផ្លូវ ដើម្បីហ្វឹកហាត់ចំនួន ៣០០០០នាក់ នៅចុងឆ្នាំនេះ។
លោកបានពន្យល់ថា ជាផ្នែកនៃយុទ្ធសាស្ត្របីផ្នែក រដ្ឋជាសមាជិក កំពុងត្រូវបានស្នើសុំឱ្យផ្តល់គ្រាប់រំសេវពីភាគហ៊ុនផ្ទាល់ខ្លួនរបស់ពួកគេ។ ក៏មានកិច្ចខិតខំប្រឹងប្រែង សម្រាប់ការទិញរួមគ្នានៃគ្រាប់រំសេវទំហំ ១៥៥ មីលីម៉ែត្រ និងដើម្បីបង្កើនសមត្ថភាពរបស់ឧស្សាហកម្មអឺរ៉ុប ក្នុងការផលិតគ្រាប់រំសេវចាំបាច់ផងដែរ។
លោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បានចូលរួមកិច្ចប្រជុំនេះ និងបានរាយការណ៍ សង្ខេបដល់រដ្ឋមន្ត្រីអំពីការ វិវត្តចុងក្រោយ នៃជម្លោះនៅអ៊ុយក្រែន។
លោក Borrell បានស្វាគមន៍ការសម្រេចចិត្តក្នុងការផ្តួចផ្តើម កម្មវិធីបណ្តុះបណ្តាល សម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែន នៅលើយន្តហោះចម្បាំង F-16 ។ លោកបានលើកឡើងថា ការហ្វឹកហ្វឺនបានបង្កើតសន្ទុះវិជ្ជមាន ដែលនៅទីបំផុតនឹងនាំទៅដល់ការដាក់ពង្រាយយន្តហោះទាំងនេះក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា