បរទេស៖ សមាជិកព្រឹទ្ធសភាភាគច្រើនមិនទាន់សម្រេចចិត្តថាតើពួកគេនឹងគាំទ្រមេដឹកនាំ គណបក្ស Move Forward (MFP) លោក Pita Limjaroenrat ធ្វើជានាយករដ្ឋមន្ត្រី ឬយ៉ាងណានោះទេ, នេះបើតាមលោក វ៉ាន់ឆៃ សនសេរី (Wanchai Sornsiri) សមាជិកព្រឹទ្ធសភា បាននិយាយ ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក វ៉ាន់ឆៃ សនសេរី ថា សមាជិកព្រឹទ្ធសភាបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហានេះកាលពីថ្ងៃសុក្រ ប៉ុន្តែមតិរបស់ពួកគេមិនតំណាងឱ្យជំហរចុងក្រោយ ឬបង្ហាញពីរបៀបដែលពួកគេនឹងបោះឆ្នោតនោះទេ។
លោកបាននិយាយថា សមាជិកព្រឹទ្ធសភាមានជម្រើសបី គឺទី១ បោះឆ្នោតឱ្យលោក Pita , ទី២ មិនបោះឆ្នោតឱ្យលោក ឬ បោះឆ្នោតអនុប្បវាទ ប៉ុន្តែវាពិបាកក្នុងការនិយាយអ្វីដែលសមាជិកភាគច្រើននឹងសម្រេចចិត្ត ហើយមនុស្សជាច្រើនមិនរំពឹងថានឹងធ្វើការសម្រេចចិត្តរហូតដល់ថ្ងៃបោះឆ្នោត។
លោក វ៉ាន់ឆៃ សនសេរី ក៏បាននិយាយទៀតថា លោកមានជំហរជាមួយនឹងពាក្យសន្យារបស់លោកថា លោកនឹងបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងដោយក្រុមចម្រុះដែលគ្រប់គ្រងដើម្បីទទួលបានអាសនៈសភាច្រើនជាង ២៥០ ។
ប្លុកដែលដឹកនាំដោយគណបក្ស Move Forward ដែលមានគណបក្សនយោបាយចំនួនប្រាំបី និងអាសនៈសភាចំនួន ៣១៣ ត្រូវការសំឡេងយ៉ាងតិច ៣៧៦ នៅក្នុងសភាដែលមាន ៧៥០ អាសនៈ ក្នុងនោះ រួមមានសមាជិកសភាចំនួន ៥០០ នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ២៥០ រូប ដើម្បីធានាបាននូវការប៉ុនប៉ងរបស់លោក Pita ក្នុងការឡើងធ្វើជានាយករដ្ឋមន្ត្រី។
យោងតាមលោក វ៉ាន់ឆៃ សនសេរី ព្រឹទ្ធសភាទំនងជាមិនមានហេតុផលចំពោះការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងនឹងលោក Pita ជុំវិញការកាន់កាប់ភាគហ៊ុនរបស់លោកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ iTV នៅពេលពួកគេបោះឆ្នោតនោះទេ ព្រោះបញ្ហាគួរតែទុកនៅក្នុងដៃអាជ្ញាធរពាក់ព័ន្ធ។
បេក្ខជន គឺត្រូវបានហាមឃាត់ដោយធម្មនុញ្ញមិនអោយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ប្រសិនបើពួកគេមានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ សកម្មជននយោបាយ រួងក្រៃ លីគីវឌ្ឍតាណា (Ruangkrai Leekitwattana) បានស្នើឱ្យគណៈកម្មការរៀបចំការបោះឆ្នោតស៊ើបអង្កេតលោក Pita ដោយអះអាងថា មេដឹកនាំ Move Forward រូបនេះ បានកាន់កាប់ភាគហ៊ុនចំនួន ៤២ ០០០ នៅក្នុង iTV ៕ ប្រែសម្រួលៈ ណៃ តុលា