ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់ អះអាង​ថា ​ការ​តស៊ូ​មតិ ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក គឺក្លែងក្លាយទេ

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានឲ្យដឹងថា ការទាមទារដោយសហរដ្ឋអាមេរិក និងលោកខាងលិច អំពីការតស៊ូមតិលទ្ធិប្រជាធិបតេយ្យ គឺ “ក្លែងក្លាយទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ុិនហួ ។

លោកប្រធានាធិបតីបានឲ្យដឹង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីថា “សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួន មិនមែនត្រឹមតែលទ្ធិប្រជាធិបតេយ្យនោះទេ ប៉ុន្តែការត្រួតត្រារបស់ពួកគេ និងការលួចប្លន់ទ្រព្យសម្បត្តិរបស់ប្រទេសដទៃទៀត” ។

ដោយសង្កត់ធ្ងន់ថា អនុត្តរភាពពិភពលោកស្វែង រកការបន្តការគ្រប់គ្រងរបស់ខ្លួន លើពិភពលោក លោក Raisi បានលើកឡើងថា សព្វថ្ងៃនេះ សត្រូវព្យាយាមញុះញង់ប្រភេទ ផ្សេងគ្នានៃការបះបោរ និងសាបព្រួសភាពមិនចុះសម្រុងក្នុងចំណោមប្រទេសមូស្លីម ដូចជាការបង្កើតក្រុមរដ្ឋអ៊ីស្លាម (IS) ឬការផ្សព្វផ្សាយ ការឃោសនាតាមរយៈ អាណាចក្រប្រព័ន្ធផ្សព្វផ្សាយ ។

លោក Raisi បានបន្ដថា យុគសម័យនៃ “លទ្ធិផ្តាច់ការ” ដោយសហរដ្ឋអាមេរិក និងប្រព័ន្ធអនុត្តរភាពសកល បានឈានមកដល់ទីបញ្ចប់ជាមួយនឹងការ លេចឡើងនៃមហាអំណាចថ្មីនៅក្នុងពិភពលោក។

គួរបញ្ជាក់ថា Raisi បានមកដល់ទីក្រុងហ្សាកាតា កាលពីថ្ងៃអង្គារក្នុងនាម ជាប្រធានគណៈប្រតិភូសេដ្ឋកិច្ច និងនយោបាយជាន់ខ្ពស់តាមការ អញ្ជើញរបស់សមភាគីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top