ព័ត៌មានអន្តរជាតិ

Update៖ UN ថា ខ្លួនត្រូវការថវិកា៣៧៥ លានដុល្លារ សម្រាប់ជួយដល់អ្នក រងគ្រោះដោយព្យុះស៊ីក្លូន វាយប្រហារមកលើប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារអង្គការសហប្រជាជាតិ ហៅកាត់ថា (UN) បានឲ្យដឹងថា ខ្លួនត្រូវការថវិកាចំនួន៣៧៥លានដុល្លារអាមេរិក ដើម្បីទទួលបានស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀតដល់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូនដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស ។

នៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា និងខេត្តនានាក្នុងប្រទេសបង់ក្លាដេសដែលនៅជិតខាង ដែលមានប្រជាជនម៉ូស្លីម និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ាយ៉ាងច្រើន បានទទួលរងនូវការវាយប្រហារដោយព្យុះស៊ីក្លូន Mocha កាលពីថ្ងៃទី១៤ ខែឧសភា ដែលត្រូវបានគេប៉ាន់ស្មានថា បានសម្លាប់មនុស្សរាប់រយនាក់ និងបង្កការខូចខាតយ៉ាងខ្លាំង ។

សម្រាប់ប្រទេសមីយ៉ាន់ម៉ា អង្គការសហប្រជាជាតិបានឲ្យដឹងថា ខ្លួនកំពុងអំពាវនាវសម្រាប់ថវិកាបន្ថែមចំនួន១២២លានដុល្លារអាមេរិក និងសម្រាប់មូលនិធិដែលមានស្រាប់ចំនួន២១១ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ជូនឆ្ពោះទៅរកការឆ្លើយតបនឹងព្យុះស៊ីក្លូន ខណៈដែលទឹកប្រាក់៤២លានដុល្លារអាមេរិក ដាច់ដោយឡែកគឺត្រូវការសម្រាប់ប្រទេសបង់ក្លាដេស ។

លោក Ramanathan Balakrishnan អ្នកសម្របសម្រួលអ្នកស្រុករបស់អង្គការ សហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា “ឥឡូវនេះយើងកំពុងប្រឈមនឹងពេលវេលា ដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់ប្រជាជននៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ទាំងអស់ និងការពារការរីករាលដាលនៃជំងឺដែលបណ្តាល មកពីទឹកជន់លិច” និងដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ។

គួរបញ្ជាក់ថា ការអំពាវនាវនេះធ្វើឡើងនៅគ្រាដែល អង្គការមនុស្សធម៌ព្យាយាមចូលទៅកាន់តំបន់ ដែលរងគ្រោះខ្លាំងបំផុតដោយសារតែការខូចខាតដោយព្យុះនេះ ហើយពួកគេរង់ ចាំការអនុញ្ញាតពីរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top