បរទេស៖យោងតាមការបញ្ជាក់ដោយអនុប្រធាន នៃទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់ប្រទេសអ៊ុយក្រែន លោក Vadim Skibitsky កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សី លោក Vladimir Putin ពិតជាស្ថិតនៅក្នុងបញ្ជីដែលអ៊ុយក្រែន ត្រូវសម្លាប់ពិតមែនក្នុងគ្រា មានជម្លោះជាមួយនឹងរុស្សីនេះ។
ការបញ្ជាក់ដោយផ្ទាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានយកមកចេញផ្សាយ ដោយកាសែតរុស្សី RT បានឲ្យដឹងទៀតថាក្នុងនោះផងដែរក្រុមមន្ត្រី ក្រោមបង្គាប់របស់គាត់ជាច្រើនក៏កំពុងតាមប្រមាញ់មេទ័ព កំពូលរបស់រុស្ស៊ីនេះផងដែរ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Die Welt របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធ លោកSkibitsky ត្រូវបានសួរថាតើទីភ្នាក់ងាររបស់គាត់កំពុងព្យាយាម ធ្វើឃាតប្រមុខរដ្ឋរុស្ស៊ី ដែរឬទេដែលមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន រូបនេះបានឆ្លើយតបដោយនិយាយថា លោកប្រធានាធិបតី Putin បានដឹងខ្លួនហើយថាយើងកំពុងខិត ទៅជិតទៅដល់គាត់ហើយ។
គួរឲ្យដឹងដែរថាប្រមុខមេដឹកនាំ ក្រសួងការពារជាតិរុស្ស៊ី លោករដ្ឋមន្ត្រី Sergey Shoigu និងប្រធានអគ្គសេនាធិការ Valery Gerasimov ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្នុង ការសម្លាប់ដោយទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អ៊ុយក្រែនផង៕
ប្រែសម្រួល៖ស៊ុនលី