ព័ត៌មានអន្តរជាតិ

Update: ការដណ្តើមតំណែងជាប្រធានសភា កំពុងផ្ទុះឡើងក្នុងចំណោមបក្សចម្រុះទាំង៨ របស់ថៃ

បរទេស៖ គណបក្ស Move Forward (MFP) បានទទូចថា តំណែងប្រធានសភាគួរតែត្រូវបានបំពេញដោយគណបក្ស Move Forward ចំពេលមានរបាយការណ៍ថា ដៃគូសម្ព័ន្ធអនាគតគឺបក្សភឿថៃចង់បានតំណែងនេះ។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយលើកឡើងពីអគ្គលេខាធិការលោក ឆៃថាវ៉ាត់ ទូឡាតុន (Chaithawat Tulaton) អ្នកនាំពាក្យគណបក្ស Move Forward គឺ លោក រាំងស៊ីម៉ាន់ រ៉ូម (Rangsiman Rome) បាននិយាយថា តាមប្រពៃណី អ្នកឈ្នះការបោះឆ្នោតនឹងបានតំណែងជាប្រធានសភាដើម្បីគ្រប់គ្រងរបៀបវារៈរបស់ខ្លួន ហើយគណបក្ស Move Forward មានបំណងបន្តជាមួយនឹងប្រពៃណីនេះ។

លោក រាំងស៊ីម៉ាន់ បានបដិសេធមិននិយាយថាតើដៃគូសម្ព័ន្ធអនាគតណាមួយកំពុងចរចាចង់បានតំណែងនេះទេ ដោយលោកគ្រាន់តែនិយាយថា បញ្ហានេះគួរតែត្រូវបានដោះស្រាយដោយលោក ឆៃថាវ៉ាត់ ដែលទទួលបន្ទុកកិច្ចពិភាក្សាចម្រុះ។ នៅពេលសួរថាតើអនុប្រធានគណបក្ស Move Forward លោក ណាត់តាវុធ បួប្រាធំ (Nattawut Buaprathum) ជាបេក្ខជនសម្រាប់ប្រធានសភានោះ ត្រូវបានលោក រាំងស៊ីម៉ាន់ ឆ្លើយតបថា គណបក្សមិនទាន់បានពិភាក្សាថាតើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ។

ប្រធានសភាគឺជាតួនាទីដ៏សំខាន់បំផុតមួយនៅក្នុងនយោបាយ ត្រួតពិនិត្យការប្រជុំសភា និងរបៀបវារៈ។ ប្រសិនបើគណបក្ស Move Forward ចង់ជំរុញគំនិតផ្តួចផ្តើមនីតិបញ្ញត្តិរបស់ខ្លួន និងបំពេញតាមការសន្យានៃយុទ្ធនាការរបស់ខ្លួន គណបក្សនេះចាំបាច់ត្រូវគ្រប់គ្រងមុខតំណែងនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top