នារសៀលថ្ងៃទី ២៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានបង្ហាញថា ក្នុងខែមីនាឆ្នាំនេះ លោកបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដោយជោគជ័យនៅប្រទេសរុស្ស៊ី ដោយរួមជាមួយ លោកប្រធានាធិបតី Putin ដើម្បីគូរប្លង់មេ សម្រាប់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី លើវិស័យនានា ក្នុងមួយរយៈពេលខាងមុខ សង្ឃឹមថា ភាគីទាំងពីរនឹងបន្តជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យនានា ឱ្យឡើងដល់កម្រិតកាន់តែខ្ពស់ និងបន្តបំពេញបន្ថែមខ្លឹមសារ ដល់ទំនាក់ទំនងភាពជាដៃគូ សម្របសម្រួល និងសហប្រតិបត្តិការយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។
លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិន មានឆន្ទៈបន្តគាំទ្រគ្នា ទៅវិញទៅមកយ៉ាងរឹងមាំ ជាមួយរុស្ស៊ីលើបញ្ហាទាក់ទង នឹងផលប្រយោជន៍ស្នូលរបស់គូភាគី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ លើឆាកពហុភាគីដូចជាអង្គការ សហប្រជាជាតិ អង្គការសហប្រតិបត្តិការសៀងហៃ ប្រទេសBRICS និង ប្រទេសG20។ ប្រទេសចិនមានឆន្ទៈ ក្នុងការរួមសហការ ជាមួយប្រទេសរុស្ស៊ី និងបណ្តាប្រទេស នៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដើម្បីជំរុញការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” តភ្ជាប់និងសហការជាមួយនឹងសហភាព សេដ្ឋកិច្ចអឺរ៉ាស៊ី ដើម្បីជំរុញការបង្កើតទីផ្សារ តំបន់ឱ្យកាន់តែបើកចំហ ធានាឱ្យបាននូវស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ក្នុងន័យផ្តល់ផលប្រយោជន៍ជាក់ស្តែង ដល់បណ្តាប្រទេសក្នុងតំបន់។
ជាការឆ្លើយតប លោក Mishustin បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ជាប្រវត្តិសាស្ត្ររបស់លោក Xi Jinping នៅប្រទេសរុស្ស៊ីក្នុងខែមីនាឆ្នាំនេះ ទទួលបានជោគជ័យ និងបានបើកយុគសម័យថ្មី នៃទំនាក់ទំនងភាពជាដៃគូ សម្របសម្រួលនិងសហប្រតិបត្តិការ យុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ រវាងរុស្ស៊ីនិងចិន។ ភាគីរុស្ស៊ីមានឆន្ទៈរួម សហការជាមួយភាគីចិន ដើម្បីអនុវត្តយ៉ាងម៉ត់ចត់ នូវគំនិតឯកភាពសំខាន់ៗ រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើវិស័យនានា។
រុស្ស៊ីមានឆន្ទៈរួមសហការ ជាមួយប្រទេសចិន ដើម្បីជំរុញដំណើរការ ធ្វើពហុប៉ូលភាវូបនីយកម្ម នៃពិភពលោក និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ។ ភាគីរុស្ស៊ីរំពឹងទុកថានឹងពង្រឹងបន្ថែមទៀត នូវការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ ជាមួយភាគីចិន ដើម្បីធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងរុស្ស៊ី និងចិនអាចបន្តវេនពីមួយជំនាន់ ទៅមួយជំនាន់៕