ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិនបង្ហាញថា “ខ្សែក្រវាត់និងផ្លូវ” គឺជាផ្លូវសម្រាប់ជំរុញ ការអភិវឌ្ឍរួម របស់បណ្តាប្រទេសនានា

ខណៈពេលឆ្លើយតបនឹងការវាយតម្លៃដ៏វិជ្ជមានរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ផ្តោតលើការជំរុញការតភ្ជាប់គ្នានិងការអភិវឌ្ឍរួមរបស់ប្រទេសនានា។ ដូចការលើកឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលថា មិនធ្វើសត្រូវជាមួយបរទេសណាមួយ ហើយក៏មិនរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសណាមួយទេ បែរជាជួយគាំទ្រការអភិវឌ្ឍរបស់ប្រទេសនានា។  

តាមការផ្សាយដំណឹងឱ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងកាលពីថ្ងៃទី២២ខែឧសភាថា ប្រទេសកម្ពុជាទទួលបានផលប្រយោជន៍ជាក់ស្តែងតាមរយៈការចូលរួមកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ”។ 

ទាក់ទងនឹងរឿងនេះ លោកស្រី Mao Ning បានសម្តែងការជឿជាក់ថា ទន្ទឹមនឹងការជំរុញជាបន្តបន្ទាប់នូវការកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ នឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់វិបុលភាពរួមរបស់ប្រទេសនានា ។ ប្រទសចិននឹងអនុវត្តយ៉ាងម៉ត់ចត់នូវគំនិតឯកភាពដ៏សំខាន់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរចិននិងកម្ពុជា   ហើយបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” សំដៅផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននិងប្រទេសទាំងពីរ៕
To Top