តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានសម្តែងសុទិដ្ឋិនិយមកាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងការចរចា ដែលកំពុងបន្ត ដើម្បីស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងដកចេញនូវទណ្ឌកម្មរបស់លោកខាងលិច។
លោក Amir-Abdollahian ដែលធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួម ដោយបុគ្គលិកការទូត របស់ប្រទេសនេះ បានសង្កត់ធ្ងន់ថា វឌ្ឍនភាពល្អ ត្រូវបានធ្វើឡើងឆ្ពោះ ទៅរកការបញ្ចប់ នៃកិច្ចចរចា នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាននិស្សិតអ៊ីរ៉ង់ ។
លោកបានលើកឡើងថា អ៊ីរ៉ង់កំពុងខិតខំប្រឹងប្រែងចម្រុះ ដើម្បីបញ្ចប់ការចរចានុយក្លេអ៊ែរ ហើយនឹងបន្តធ្វើការ ដើម្បីដកទណ្ឌកម្ម តាមរយៈមធ្យោបាយការទូត ខណៈដែលប្រកាន់ខ្ជាប់នូវ បន្ទាត់ក្រហមរបស់ប្រទេស។
លោកបានគូសបញ្ជាក់ថា មានការផ្លាស់ប្តូរសារ ដោយប្រយោលរវាងអ៊ីរ៉ង់ និងភាគីផ្សេងទៀត ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ហើយរដ្ឋមន្ត្រីការបរទេស មកពីប្រទេសមួយចំនួនកំពុងធ្វើការ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់ការបញ្ចប់កិច្ចចរចា។
លោកក៏បានរិះគន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួន ចំពោះការប្រើទណ្ឌកម្ម “ឃោរឃៅ និងឯកតោភាគី” ជាឥទ្ធិពល ដើម្បីទាញយកសម្បទាន ពីប្រទេសដទៃទៀត។
លោក Amir-Abdollahian បានសង្កត់ធ្ងន់លើការ ផ្តោតអារម្មណ៍របស់អ៊ីរ៉ង់ លើការបន្សាបទណ្ឌកម្មទាំងនេះ ខណៈដែលរក្សាបាន នូវកិច្ចខិតខំប្រឹងប្រែងការទូត និងការត្រៀមខ្លួន សម្រាប់ការចរចា។
កិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលគេស្គាល់ជាផ្លូវការថា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ត្រូវបានចុះហត្ថលេខាដោយអ៊ីរ៉ង់ និងមហាអំណាច ក្នុងខែកក្កដា ឆ្នាំ២០១៥។ ក្រោមកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់បានយល់ព្រមដាក់កម្រិតកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានដកខ្លួនចេញ ពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគី ឡើងវិញលើអ៊ីរ៉ង់ ដែលជំរុញឱ្យអ៊ីរ៉ង់កាត់បន្ថយ ការប្តេជ្ញាចិត្តនុយក្លេអ៊ែររបស់ខ្លួន៕