ព័ត៌មានអន្តរជាតិ

កាសែត Wall Street Journal៖ កូរ៉េខាងត្បូង យល់ព្រមបញ្ជូន សព្វាវុធទៅឱ្យអ៊ុយក្រែន

បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង បានយល់ព្រមបញ្ជូនគ្រាប់កាំភ្លើងធំ រាប់ម៉ឺនគ្រាប់ ទៅកាន់អ៊ុយក្រែន ក្រោម “ការរៀបចំសម្ងាត់” ជាមួយសហរដ្ឋអាមេរិក ។ ការបញ្ជូននេះនឹងបង្ហាញពីការមិនរាថយ របស់ទីក្រុងសេអ៊ូល ដែលមានការស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យផ្តល់ជំនួយ ធុនធ្ងន់ដល់ទីក្រុងគៀវ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមប្រភព ប្រាប់សារព័ត៌មានកាលពីថ្ងៃពុធថា នៅក្រោមកិច្ច ព្រមព្រៀង ដែលបានរាយការណ៍នោះ កូរ៉េខាងត្បូងនឹងបញ្ជូនគ្រាប់មុនគេ ទៅកាន់សហរដ្ឋអាមេរិក ដែលបន្ទាប់មក នឹងបញ្ជូនបន្ត ទៅកាន់អ៊ុយក្រែន ។ មកទល់ពេលនេះទីក្រុងសេអ៊ូល និង មន្ទីរបញ្ចកោណបានបដិសេធ មិនបញ្ជាក់ពីការបញ្ជូននេះទេ ទោះបីជាភាគីទាំងពីរ បានទទួលស្គាល់ការពិភាក្សា ដែលកំពុងបន្តលើបញ្ហានេះក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួង ការពារជាតិកូរ៉េខាងត្បូង លោក Jeon Ha-kyu បាននិយាយថា មាន “ផ្នែកមិនត្រឹមត្រូវ” នៅក្នុងរបាយការណ៍របស់ Wall Street Journal ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ នៅពេលក្រោយកាលពីថ្ងៃពុធ ទោះបីជាមិនបានបញ្ជាក់បន្ថែមក៏ដោយ ។

លោក Jeon បាននិយាយថា “មានការពិភាក្សា និងសំណើផ្សេងៗជាច្រើន ហើយរដ្ឋាភិបាល របស់យើងនឹងចាត់វិធានការសមស្រប ខណៈដែលកំពុងពិនិត្យមើល យ៉ាងទូលំទូលាយអំពីសង្រ្គាម និងស្ថានភាពមនុស្សធម៌ នៅក្នុងអ៊ុយក្រែន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top