បរទេស ៖ មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat កាលពីថ្ងៃសុក្រ បានជំរុញសមាជិកនៃគណបក្សរបស់លោក និងដៃគូចម្រុះដ៏ធំបំផុត របស់ខ្លួន គឺភឿថៃ ឱ្យបញ្ឈប់ជម្លោះជាសាធារណៈ ខណៈដែលក្រុមចរចាចម្រុះសម្រេចថា អ្នកណាអាចទទួល បានតំណែងប្រធានសភា ។
យោងតាមសារ ព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សមាជិកមួយចំនួន នៃគណបក្សទាំងពីរ បានចាប់ផ្តើមជជែកវែកញែក ជាសាធារណៈអំពីគណបក្សណាមួយ ដែលគួរតែទទួលបានតំណែង ដ៏មានឥទ្ធិពលបំផុតនៅក្នុងសភា តំណាងរាស្រ្ត កាលពីដើមសប្តាហ៍នេះ។
ជម្លោះនេះត្រូវបានបង្កឡើង ដោយអ្នកតស៊ូមតិរបស់គណបក្ស Move Forward គឺលោក Piyabutr Saengkanokkul កាលពីថ្ងៃអង្គារ នៅពេលដែលគាត់បានប្រកាសនៅលើ Facebook ថា គណបក្ស “ត្រូវតែគ្រប់គ្រង” មុខតំណែងប្រធានសភា ។ លោក Piyabutr គឺជាអតីតអគ្គលេខាធិការ នៃគណបក្ស អនាគតឆ្ពោះទៅមុខ ដែលជាអ្នកកាន់តំណែងមុន របស់គណបក្ស Move Forward ។
លោក Piyabutr ដែលត្រូវបានគេចាត់ទុកថា ជាមនុស្សមិនចេះបត់បែននោះ ត្រូវបានហាមឃាត់ពីតំណែងនយោបាយ នៅពេលដែលគណបក្ស Future Forward ត្រូវបានរំលាយ ប៉ុន្តែគាត់នៅតែបញ្ចេញសំឡេង និងទទូចនៅលើបណ្តាញសង្គម។
ភាពតានតឹងបានកើនឡើង ជាមួយនឹងសមាជិកគណបក្សភឿថៃមួយចំនួន ដែលគំរាមកំហែងថា គណបក្សរបស់ពួកគេនឹងចាកចេញពីក្រុមចម្រុះ ហើយមេដឹកនាំរង នៃចលនា Move Forward លោកស្រី Sirikanya Tansakul បាននិយាយយ៉ាងចាស់ដៃថា គណបក្សរបស់លោកស្រី ត្រូវការតួនាទីនេះ ដើម្បីជំរុញរបៀបវារៈរបស់ខ្លួន ។
គណបក្សភឿថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រថា ប្រធានសភាត្រូវតែជំរុញ ឱ្យមានគោលនយោបាយ របស់គណបក្សចម្រុះទាំងអស់ មិនមែន សម្រាប់តែគណបក្សតែមួយនោះទេ។
លោក Pita បានបន្ធូរបន្ថយបន្ទាប ជម្លោះជាសាធារណៈកាលពីថ្ងៃសុក្រ ដោយប្រាប់អ្នកសារព័ត៌មានថា អាទិភាពបច្ចុប្បន្នគឺ ការដោះស្រាយបញ្ហា របស់ប្រជាជន និងរៀបចំដើម្បីប្រកាសគោលនយោបាយ របស់សម្ព័ន្ធទៅកាន់សភា។
រដ្ឋធម្មនុញ្ញតម្រូវឱ្យគណៈរដ្ឋមន្ត្រីប្រកាសគោលនយោបាយរបស់ខ្លួនដល់សភាមុនចូលកាន់តំណែង៕