បរទេស៖ មន្ត្រីរដ្ឋាភិបាល របស់ប្រទេសឥណ្ឌាម្នាក់ ត្រូវបានដកតំណែង ចេញពីមុខងារ បន្ទាប់ពីបានប្រើប្រាស់អំណាច ក្នុងការបង្ហូរទឹកចេញ ពីអាងស្តុកទឹកដ៏សំខាន់មួយកន្លែង គឺដើម្បីតែស្វែងរកទូរស័ព្ទ របស់គាត់មួយគ្រឿង ដែលបានធ្លាក់ចូលអាង ដោយចៃដន្យ ក្នុងពេលកំពុងថតរូបស៊ែលហ្វី ខ្លួនឯង។
នៅពេលដែលបានបង្ហូរទឹកចេញ ពីអាងស្តុករួចបុរសរូបនេះ ក៏អាចរកឃើញទូរស័ព្ទ របស់គាត់មកវិញដែរ ប៉ុន្តែតំណែងរបស់គាត់ ត្រូវបានប្រកាសដកចេញ ពីព្រោះថាអាងស្តុកដ៏សំខាន់នេះ គឺអាចបម្រើឲ្យពលរដ្ឋ ធ្វើកសិកម្មលើផ្ទៃដី ដល់ទៅ៦០០ហិកតា។
មន្ត្រីរដ្ឋដែលមានឈ្មោះថា Rajesh Vishwas ត្រូវបានដកតំណែងភ្លាមកាលពីថ្ងៃសុក្រ បន្ទាប់ពីថ្នាក់ដឹកនាំបានទទួលបាន ព័ត៌មានថា គាត់បានប្រើប្រាស់អំណាចក្នុងការបង្ហូរទឹកអាង ដ៏ធំមួយនេះ។
គួរឲ្យដឹងដែរថាហេតុការណ៍នេះ បានកើតឡើង នៅក្នុងរដ្ឋ Chhattisgarh កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយទូរស័ព្ទស្មាតហ្វូនរបស់លោក Vishwas ត្រូវបានគេស្គាល់ថាមានម៉ាកសញ្ញា Samsung Galaxy S23 បានធ្លាក់ចុះទៅក្នុអាងស្តុកទឹក ដែលមានជម្រៅប្រហែលតែជា៤ម៉ែត្រប៉ុណ្ណោះ ហើយគាត់បានព្យាយាម ឲ្យពលរដ្ឋក្នុងស្រុកលោតចូលស្វែងរកដែរ តែមិនបានលទ្ធផល ក៏បានសម្រេចចិត្តជួលម៉ាស៊ីនបូមទឹកចំនួន២ ក្នុងការបូមទឹកចេញ ពីអាងនេះតែម្តង៕
ប្រែសម្រួល៖ស៊ុនលី