គៀវ៖ សេវាសន្តិសុខអ៊ុយក្រែន (SSU) បានទទួលស្គាល់កាលពីថ្ងៃសៅរ៍ថា ខ្លួនបានអនុវត្ត “វិធានការជាក់លាក់” ដែលភ្ជាប់ទៅនឹងការបំផ្ទុះ នៅលើស្ពានគ្រីមៀ ក្នុងខែតុលា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Vasyl Malyuk ប្រធាន SSU តាមការឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារថា “យោងទៅតាមច្បាប់របស់យើង ច្បាប់អន្តរជាតិ និងទំនៀមទម្លាប់ និងប្រពៃណីនៃសង្គ្រាម ដោយគិតគូរពីការពិតដែលថា វាជាផ្លូវដឹកជញ្ជូន ដែលយើងមានកាតព្វកិច្ចកាត់ផ្តាច់សត្រូវ ហើយវិធានការមួយចំនួនត្រូវបានគេអនុវត្ត”។
លោក Malyuk បានលើកឡើងថា នៅតែវាលឿនពេកក្នុងការបង្ហាញជាសាធារណៈនូវព័ត៌មានលម្អិតនៃ “ប្រតិបត្តិការពិសេស”។ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ មានការផ្ទុះដ៏សាហាវមួយបានវាយប្រហារលើស្ពានគ្រីមៀ ចម្ងាយ ១៩គីឡូម៉ែត្រ ដែលមានផ្លូវស្របគ្នាពីរសម្រាប់រថយន្ត និងរថភ្លើងឆ្លងកាត់ច្រក Kerch ។

ឡានដឹកទំនិញមួយបានផ្ទុះនៅលើស្ពានផ្លូវ ដែលបណ្តាលឱ្យធុងសាំងចំនួន ៧សាទេន នៃរថភ្លើងដែលធ្វើដំណើរទៅកាន់ឧបទ្វីបគ្រីមៀ ត្រូវភ្លើងឆេះ ហើយក្នុងនោះមានមនុស្ស ៣នាក់បានស្លាប់ក្នុងការបំផ្ទុះនេះ ដែលនាំឱ្យបាក់ផ្នែកខ្លះនៃស្ពានចំនួនពីរកន្លែង ៕
ប្រែសម្រួល ឈូក បូរ៉ា
