ព័ត៌មានអន្តរជាតិ

សម្ពាធដែលរុញឱ្យបំបែកចេញ ពីគណបក្ស Move Forward កំពុងកើតឡើង លើគណបក្ស ភឿថៃ

បរទេស៖ អ្នកគាំទ្រគណបក្សភឿថៃ បានប្រមូលផ្តុំគ្នា នៅទីស្នាក់ការកណ្តាល របស់គណបក្សនៅផ្លូវ ផេតឆាបុរី (Phetchaburi) កាលពីថ្ងៃអាទិត្យដើម្បីអំពាវនាវ ឱ្យគណបក្សភឿថៃ បំបែកចេញពីសម្ព័ន្ធភាព ដឹកនាំដោយគណបក្ស Move Forward ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មី។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អាពីឆាត ជីណាកកល (Apichart Jinakul) ក្រុមអ្នកគាំទ្រគណបក្សភឿថៃ បានអំពាវនាវឱ្យគណបក្សនេះ បំបែកចេញពីគណបក្ស Move Forward (MFP) ជុំវិញការប្រេះឆាផ្ទៃក្នុង ទាក់ទងនឹងតំណែងប្រធានសភា។

ទោះជាយ៉ាងណាក៏ដោយ ក្រុមនេះនៅតែគាំទ្រ ការសន្យារបស់គណបក្សភឿថៃ ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ មេដឹកនាំគណបក្ស Move Forward លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ជានាយករដ្ឋមន្ត្រីថ្មី និងអនុញ្ញាតឱ្យ Move Forward ដឹកនាំការបង្កើតក្រុមចម្រុះថ្មី, នេះបើតាមលោក នីយំ នុបផារ៉ាត់ (Niyom Nopparat) មេដឹកនាំក្រុមបាននិយាយថា។

ក្រុមនេះក៏អំពាវនាវ ឱ្យបក្សភឿថៃ គាំទ្រការប៉ុនប៉ង ដែលដឹកនាំដោយគណបក្ស Move Forward ក្នុងការសរសេររដ្ឋធម្មនុញ្ញឡើងវិញផងដែរ សម្រាប់ប្រជាជន។

សមាជិកក្រុមជាច្រើនបានប្រមូលផ្តុំគ្នា នៅខាងក្រៅទីស្នាក់ការកណ្តាល របស់គណបក្សភឿថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ហើយបានដាក់លិខិតចំហរមួយ ដែលមានការអំពាវនាវទាំងនេះ ទៅកាន់គណបក្ស។

លោក នីយំ បាននិយាយថា ប្រសិនបើ Move Forward បរាជ័យក្នុងការប្រមូលផ្តុំសមាជិកសភា ឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មី ក្រុមនេះជឿថា គណបក្ស ភឿថៃ ដែលបានឈ្នះអាសនៈសភា ច្រើនជាងគេទីពីរ បន្ទាប់ពី Move Forward គួរតែមានសិទ្ធិដឹកនាំ ការបង្កើតក្រុមចម្រុះថ្មី។

លោក​បាន​បន្ត​ថា ក្រុម​នេះ​មាន​គោល​បំណង​ធ្វើ​ឲ្យ Move Forward ដឹង​ថា វា​នឹង​ពិបាក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល ​ដោយ​គ្មាន​គណបក្ស​ភឿថៃ ​នៅ​ខាង​ខ្លួន។ លោកបាននិយាយថា “យើងសូមជូនពរឱ្យ Move Forward ទទួលបានជោគជ័យ ក្នុងការប៉ុនប៉ងបង្កើតសម្ព័ន្ធភាព និងជំរុញឱ្យគណបក្សភឿថៃគាំទ្រ Move Forward និងគណបក្សចម្រុះផ្សេងទៀត ដោយបោះឆ្នោតឱ្យលោក ពីតា ក្លាយជានាយករដ្ឋមន្ត្រី” ។

លោក​បាន​ទទូច​ថា ហេតុផល​របស់​ក្រុម​នេះ​ មិន​មែន​ជា​ល្បែង​នយោបាយ ឬ​ជា​ការ​ប៉ុនប៉ង​បង្កើត​ជម្លោះ​បន្ថែម​ទៀត​ រវាង​គណបក្ស​ភឿថៃ និង​គណបក្ស​ Move Forward នោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top