ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បំពេញការប្តេជ្ញាចិត្តរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវអនុសញ្ញាអាវុធគីមី (CWC) ដោយចាត់វិធានការជាក់ស្តែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ខណៈដែលថ្លែងទៅកាន់ការអះអាង របស់សហរដ្ឋអាមេរិក ចំពោះការបំផ្លាញឃ្លាំងស្តុកអាវុធគីមី របស់ខ្លួន នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។
![](https://dap-news.com/wp-content/uploads/2023/05/photo_2023-05-30_15-08-45.jpg)
លោកបានលើកឡើងថា ចាប់តាំងពី CWC ចូលជាធរមានកាលពី ២៦ ឆ្នាំមុន ជាង ៩៩ ភាគរយនៃឃ្លាំងអាវុធគីមីរបស់ពិភពលោក ត្រូវបានលុបចោល។ ប្រទេសចំនួន៧ ក្នុងចំណោមប្រទេសទាំង៨ ដែលបានប្រកាសថា មានឃ្លាំងអាវុធគីមី បានបញ្ចប់ការបំផ្លាញអាវុធគីមីរបស់ពួកគេ។
ដូចដែលបានកំណត់ដោយអនុសញ្ញា ការបំផ្លាញអាវុធគីមីដែលស្តុកទុកគួរតែត្រូវបញ្ចប់ក្នុងរយៈពេល ១០ឆ្នាំនៃការចូលជាធរមានក្នុងឆ្នាំ១៩៩៧។ លោក ក៏បានឲ្យដឹងផងដែរថា ដំណើរការបំផ្លិចបំផ្លាញអាវុធគីមី ដែលជប៉ុនបោះបង់ចោលនៅក្នុងប្រទេសចិន គឺនៅយឺតយ៉ាវយ៉ាងធ្ងន់ធ្ងរ ហើយផែនការបំផ្លាញបានហួសពេលជាច្រើនដង។
លោកបានបន្ដថា ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន បង្កើនអារម្មណ៍នៃភាពបន្ទាន់របស់ខ្លួន និងបង្កើនសកម្មភាព ដើម្បីធានាការបំផ្លាញចោលអាវុធគីមី ដែលបោះបង់ចោលទាំងនេះក្នុងលក្ខណៈស្អាតស្អំ និងហ្មត់ចត់៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)