ព័ត៌មានអន្តរជាតិ

យន្តហោះខ្នាតធំC919 ជាសមិទ្ធផលថ្មី នៃសមត្ថភាពផលិតកម្ម និងបច្ចេកវិទ្យា របស់ប្រទេសចិន

ដូចជាបណ្តាប្រទេស ជាច្រើនលើ ពិភពលោកផងដែរ អស់កាលជាច្រើន ឆ្នាំកន្លងមក យន្តហោះដឹកអ្នកដំណើរខ្នាតធំ របស់ប្រទេសចិន គឺសុទ្ធតែបញ្ជាទិញពីបរទេស ។ យ៉ាងណាមិញ ស្របនឹងការវិវឌ្ឍរីកចម្រើន ខាងបច្ចេកវិទ្យា ប្រទេសចិនបានបង្កើតស្នាដៃថ្មីៗ ជាច្រើនខាងវិស័យផលិតកម្ម ក្នុងនោះយន្តហោះដឹកអ្នកដំណើរខ្នាតធំC919 ដែលស្រាវជ្រាវ និងអភិវឌ្ឍន៍ដោយឯករាជ្យម្ចាស់ការ របស់ប្រទេសចិនបានប្រសូត្រឡើង និងដាក់ឱ្យដំណើរការជើងហោះហើរ ពាណិជ្ជកម្ម ជាផ្លូវការនៅថ្ងៃទី ២៨ ខែឧសភានេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការប្រើប្រាស់យន្តហោះដឹកអ្នកដំណើរ របស់ចិន ។

ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់ហើយថា ទាំងអតីតកាលនិងបច្ចុប្បន្នកាល ផលិតផលចិន បានជ្រាបចូលជីវភាព រស់នៅរបស់ប្រជាជន នៃបណ្តាប្រទេសជាច្រើន លើពិភពលោក មិនថាផលិតផលខ្នាតតូចឬធំ មិនថាផលិតផលសិប្បកម្ម ឬវៃឆ្លាតសិប្បនិម្មិត ។ល។ ជារួម សម្ភារៈដែលមានស្លាកសញ្ញា «Made in China» គឺមានវត្តមាន នៅស្ទើរតែគ្រប់ក្រុមគ្រួសារ ដែលផលិតផលទាំងនេះ បានផ្តល់ភាពងាយស្រួលយ៉ាងច្រើន ដល់ជីវភាពរស់នៅរបស់យើង ។

ឈានចូលយុគសម័យឌីជីថល ប្រទេសនីមួយៗ បានចាប់យកការច្នៃប្រឌិតថ្មី ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ នៃប្រទេសជាតិ ។ ក្នុងនោះ ប្រទេសជាច្រើនបាន ដាក់បញ្ចូល ការច្នៃប្រឌិតថ្មីទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់ខ្លួន បើទោះបីមិនមែនជាប្រទេសខ្លាំង ខាងវិស័យបច្ចេកវិទ្យាឬ ឧស្សាហកម្មជឿនលឿនក្តី ។ យ៉ាងណាមិញ ឆ្លងតាមការខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនឆ្នាំ ប្រទេសចិនបានឈាន ចូលជួរប្រទេសបែបនវានុវត្តន៍ នៅឆ្នាំ ២០២២ ដែលជាសញ្ញា ប្រាប់ទៅកាន់ពិភពលោកថា ប្រទេសកំពុងអភិវឌ្ឍន៍ ដែលធំបំផុតមួយនេះបាន និងកំពុងដើរឆ្ពោះទៅរកការ ធ្វើទំនើបកម្មឧស្សាហកម្មផលិតកម្ម ដែលប្រកបដោយបច្ចេកវិទ្យាជឿនលឿនលំដាប់អន្តរជាតិ ។

គេសង្កេតឃើញថា ក្រៅអំពីផលិតផលប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ ឧស្សាហកម្មផលិតកម្ម ផ្នែកបច្ចេកវិទ្យាខ្ពស់របស់ចិន ក៏ទទួលបានសមិទ្ធផលយ៉ាងធំធេងមានជាអាទិ៍ ៖ នាវាផ្ទុកយន្តហោះ , នាវាមុជទឹកជម្រៅជ្រៅបំផុត , តេឡេស្កូបយក្ស , រ៉ុក្កែតដឹកជញ្ជូន , យានអវកាសដឹកទំនិញ , យានអវកាសផ្ទុកមនុស្ស , យានអវកាសរុករកភពព្រះចន្ទ , យានអវកាសរុករកភពព្រះអង្គារ , ស្ថានីយអវកាស ។ល។ អ្វីទាំងនេះបានធ្វើឱ្យប្រទេសចិនស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសខ្លាំងខាងបច្ចេកវិទ្យា ។

ទន្ទឹមនឹងសមិទ្ធផលផ្នែកបច្ចេកវិទ្យា ជឿនលឿនបានប្រសូត្រឡើង កាន់តែច្រើនឡើងៗ ប្រទេសចិនក៏មានមហិច្ឆតា ក្នុងការផលិតយន្តហោះដឹក អ្នកដំណើរខ្នាតធំ ដោយខ្លួនឯងផងដែរ ។ ចាប់ពីការដាក់ចេញផែនការផលិត យន្តហោះខ្នាតធំC919 រហូតដល់ការដាក់ឱ្យដំណើរ ការជើងយន្តហោះ ពាណិជ្ជកម្មគឺបានចំណាយអស់ពេលជាង ១០ ឆ្នាំ ។ នេះមិនត្រឹមតែជាមោទកភាព របស់ប្រទេសចិននោះទេ វាក៏ជាមោទកភាពរបស់ប្រទេស កំពុងអភិវឌ្ឍន៍ផងដែរ ដែលអាច ឈានចូល ជួរប្រទេសផលិតយន្តហោះ ដឹកអ្នកដំណើរខ្នាតធំ ព្រោះតាំងពីដើមមកក្រុមហ៊ុន ផលិតយន្តហោះធំៗរបស់បស្ចិមប្រទេស បានគ្រប់គ្រងលើទីផ្សារឧស្សាហកម្មផលិត យន្តហោះអ្នកដំណើរ របស់ពិភពលោកជាប់រហូតមក ។

ក្នុងនាមជាប្រទេសថ្មីថ្មោង ដែលអាចផលិតយន្តហោះដឹកអ្នកដំណើរខ្នាតធំ ដោយឯករាជ្យម្ចាស់ការ ភាពជោគជ័យមួយនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ប្រទេសចិន អភិវឌ្ឍវិស័យ ឧស្សហកម្មផលិតយន្តហោះដឹកអ្នកដំណើរ ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួនផង និងចូលរួមប្រកួតប្រជែង ក្នុងទីផ្សារអន្តរជាតិផង ដែលជាសញ្ញាបង្ហាញទៅកាន់អន្តរជាតិថា «ចិនធ្វើបាន » ហើយក៏ជាជំហានដ៏សំខាន់មួយ សម្រាប់ប្រទេសចិនឈានចូល ចំណោមប្រទេសខ្លាំងខាងឧស្សាហកម្ម ផលិតយន្តហោះដឹកអ្នកដំណើរផងដែរ ។

យើងអាចជឿជាក់បានថា នាពេលអនាគត ការធ្វើដំណើរតាមជើងយន្តហោះអន្តរជាតិនឹង មិនត្រឹមតែមានយន្តហោះរបស់ក្រុមហ៊ន Boeing និង Airbus ជាដើមនោះទេ ក្នុងនោះ ក៏មានវត្តមាន របស់យន្តហោះដឹកអ្នកដំណើរខ្នាតធំ ដែលផលិតដោយ ប្រទេសចិនផងដែរ ដែលអ្នកដំណើរទាំងឡាយ នឹងអាចដកបទ ពិសោធពីភាពជឿនលឿន ខាងបច្ចេកវិទ្យានិងអារម្មណ៍ផាសុកភាពដែលនាំមកដោយ « Made in China » របស់ប្រទេសចិន ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top