ព័ត៌មានអន្តរជាតិ

តម្លៃ​ប្រេង​ធ្លាក់​ចុះ លើ​ភាព​មិន​ប្រាកដ​ប្រជា​ នៃកិច្ច​ប្រជុំ OPEC+ និងកិច្ច​ព្រម​ព្រៀង​បំណុល​អាមេរិក

ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគត បានធ្លាក់ចុះ ចំពេលមានភាពមិនច្បាស់លាស់ លើកិច្ចប្រជុំនាពេលខាងមុខរបស់ អង្គការនៃប្រទេសនាំចេញប្រេង និងដៃគូរបស់ខ្លួន (OPEC+) ក៏ដូចជាជោគវាសនានៃ កិច្ចព្រមព្រៀងបន្ទាត់បំណុល របស់សហរដ្ឋអាមេរិក នៅក្នុងសភា។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដាធ្លាក់ចុះ ៣,២១ ដុល្លារអាមេរិក ឬ ៤,៤២ ភាគរយ មកនៅ ៦៩,៤៦ ដុល្លារក្នុងមួយធុងនៅលើផ្សារហ៊ុន New York Mercantile Exchange។

ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយខែកក្កដាបានធ្លាក់ចុះ ៣,៤១ ដុល្លារ ឬ ៤,៤៣ ភាគរយ មកនៅ ៧៣,៥៤ដុល្លារ ក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។

ទោះបីជាសេតវិមាន និងសភាសាធារណរដ្ឋ បានឈានដល់កិច្ចព្រមព្រៀងលើ ពិដានបំណុលរបស់សហរដ្ឋអាមេរិកក៏ដោយ ការប្រឆាំងរបស់សមាជិកសភាមួយចំនួន ចំពោះវាបន្ថែមភាពមិនច្បាស់លាស់ ចំពោះលទ្ធផល។

លោក Phil Flynn អ្នកវិភាគជាន់ខ្ពស់នៅ The Price Futures Group បានឲ្យដឹងថា “ភាពរំភើប ចំពោះកិច្ចព្រមព្រៀងបន្ទាត់បំណុល ជាគោលការណ៍កំពុងរលត់ទៅ សម្រាប់ការជួញដូរប្រេង ដោយសារមានការសង្ស័យមួយចំនួនថា វានឹងទទួលបានការបោះឆ្នោត ដែលវាត្រូវការ” ។

ជាងនេះទៅទៀត វិនិយោគិនមិនមានតម្រុយ អំពីអ្វីដែលនឹងកើតឡើងនៅក្នុងកិច្ចប្រជុំ OPEC+ នាពេលខាងមុខនៅថ្ងៃទី៤ ខែមិថុនា ដោយសារសញ្ញាផ្ទុយគ្នាពីអ្នកលេងសំខាន់ៗ។

លោក Vladimir Zernov អ្នកវិភាគជាមួយអ្នកផ្គត់ផ្គង់ព័ត៌មានទីផ្សារ FX Empire បានកត់សម្គាល់ថា ប្រេង WTI និងប្រេង Brent ស្ថិតនៅក្រោមសម្ពាធខ្លាំង ខណៈដែលពាណិជ្ជករភ្នាល់ថា OPEC + នឹងមិនផ្តល់ការគាំទ្របន្ថែមដល់ទីផ្សារប្រេង នៅឯកិច្ចប្រជុំនាពេលខាងមុខរបស់ខ្លួននោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top