បរទេស៖ ប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការព្រមានខ្លាំង កាលពីពេលថ្មីៗនេះថា ប្រទេសចិននឹងអាចប្រឈមមុខទៅនឹង បញ្ហាលំបាកខ្លាំងទាំងសន្តិសុខក្នុងជាតិ និងសន្តិសុខនៅខាងក្រៅហើយ បានបញ្ជាក់ប្រាប់ទៅកាន់មន្ត្រីជាន់ខ្ពស់ របស់លោកថា ត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថា លោកប្រធានាធិបតីចិនរូបនេះ បានប្រាប់ឲ្យមន្ត្រីជាន់ខ្ពស់ របស់លោកដែលមានទាំង ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិផង ក្នុងការរៀបចំខ្លួនត្រៀមចំពោះមុខករណី ដ៏អាក្រក់និងគ្រោះថ្នាក់ណាមួយដែលអាចកើតឡើង ទាំងនៅផ្ទៃក្នុងឬនៅការ គម្រាមកំហែងពីខាងក្រៅក្តី។
លោក Xi បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Xinhua ថា៖ពួកយើងត្រូវតែត្រៀម ចំត្រៀមខ្លួនឲ្យបាន១០០ភាគរយ សម្រាប់ករណីណាមួយ ដែលអាចនឹងកើតឡើង ចំពោះប្រទេសរបស់យើងក្នុងស្ថានភាពដ៏អាក្រក់បំផុតយើងត្រូវតែប្រឈមមុខ ទៅនឹងខ្យល់ព្យុះដែលមានកម្លាំងបោកបក់ខ្លាំង ឬករណីដែលគ្រោះថ្នាក់ជាងនេះក៏ថាបាន។
គួរឲ្យដឹងដែរថា សេចក្តីថ្លែងការណ៍របស់លោក Xi បានធ្វើឡើងនៅក្នុងអំឡុងពេល នៃកិច្ចប្រចុំជាមួយនឹងក្រុមប្រឹក្សាសន្តិសុខកំពូលៗ របស់ប្រទេសនាទីក្រុងប៉េកាំង។
លោកប្រធានាធិបតីក៏បានបន្ថែមទៀតដែរថា ការខិតខំប្រឹងប្រែងបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីធ្វើទំនើបកម្ម ស្ថាបត្យកម្មសន្តិសុខរបស់ប្រទេស និង ត្រៀមខ្លួនជានិច្ចសម្រាប់ការប្រយុទ្ធជាក់ស្តែង និងការដោះស្រាយបញ្ហាជាក់ស្តែង ណាមួយនាពេលខាងមុខ ៕
ប្រែសម្រួល៖ ស៊ុន លី
