ព័ត៌មានអន្តរជាតិ

Update៖ បេសកកជនពិសេសរបស់ UN ប្រចំានៅមីយ៉ាន់ម៉ា សម្រេចចិត្តនឹងលាលែងពីតំណែង

អ.ស.ប ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UN) ប្រចាំប្រទេសមីយ៉ាន់ម៉ា នឹងចុះចេញពីតំណែងនៅក្នុងខែមិថុនា ។

នេះបើតាមអ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធដូច្នេះ បន្ទាប់ពីកាន់តំណែងរយៈពេល១៨ខែ ដែលលោកស្រីត្រូវបានរិះគន់ដោយរបបយោធា និងគូប្រជែងរបស់ខ្លួន ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធា បានដណ្តើមអំណាចក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយបញ្ចប់ការពិសោធន៍លទ្ធិប្រជាធិបតេយ្យរយៈពេលខ្លី និងបង្កឱ្យមានការប៉ះទង្គិចជាមួយក្រុមឧទ្ទាមជនជាតិភាគតិច និងក្រុមអ្នកប្រឆាំងរដ្ឋប្រហារ ។

កិច្ចខិតខំប្រឹងប្រែងការទូតដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ដើម្បីដោះស្រាយវិបត្តិរហូតមកដល់ពេលនេះ បានបរាជ័យក្នុងការទប់ស្កាត់ការបង្ហូរឈាម ដែលកើតឡើងដោយរដ្ឋប្រហារ ។

លោក Stephane Dujarric បានថ្លែងថា លោកស្រី Noeleen Heyzer ដែលត្រូវបានតែងតាំងជាបេសកជនដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅក្នុងខែតុលា ឆ្នាំ២០២១ “នឹងបញ្ចប់ការចាត់តាំងរបស់លោកស្រីនៅថ្ងៃទី១២ ខែមិថុនានេះ” នៅពេលដែលកិច្ចសន្យារបស់លោកស្រីបានបញ្ចប់ ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “សូមថ្លែងអំណរគុណចំពោះលោកស្រី Heyzer សម្រាប់កិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ របស់លោកស្រីក្នុងនាមសន្តិភាព និងប្រជាជនមីយ៉ាន់ម៉ា” ដោយបានបន្ថែមថា បេសកជនថ្មីនឹងត្រូវបានតែងតាំង ។

គួរបញ្ជាក់ថា លោក Heyzer ដែលជាអ្នកសង្គមវិទូជនជាតិសិង្ហបុរី មានភារកិច្ចជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងការសន្ទនានយោបាយជាមួយគូប្រជែងរបស់ខ្លួន និងបញ្ចប់ការបង្ក្រាបដ៏បង្ហូរឈាម ដែលវាបានចាប់ផ្តើមបន្ទាប់ពីការ ផ្តួលរំលំរដ្ឋាភិបាលលោកស្រី Aung San Suu Kyi ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top