ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា អាមេរិកធ្វើការស៊ើបការណ៍សម្ងាត់ តាមរយៈទូរស័ព្ទ Iphone

ម៉ូស្គូ៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឲ្យដឹងថា ខ្លួនបានរកឃើញប្រតិបត្តិការឈ្លបយកការណ៍ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដែលធ្វើឡើងជាមួយទូរស័ព្ទរបស់ក្រុមហ៊ុន Apple ។

ប្រភពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” FSB រួមជាមួយនឹងសេវាការពារសហព័ន្ធរុស្ស៊ី បានរកឃើញប្រតិបត្តិការស៊ើបការណ៍សម្ងាត់ ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ជាមួយនឹងការប្រើប្រាស់ទូរស័ព្ទ Iphone របស់ក្រុមហ៊ុន Apple” ។

ប្រភពបានបន្ថែមថា “នៅក្នុងដំណើរការនៃការធានាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រុស្ស៊ី ភាពមិនប្រក្រតីត្រូវបានរកឃើញ ដែលជាក់លាក់ចំពោះអ្នកប្រើប្រាស់ទូរសព្ទដៃ Apple ប៉ុណ្ណោះ ហើយពួកវាបណ្តាលមកពីប្រតិបត្តិការនៃកម្មវិធី ដែលមិនស្គាល់ពីមុន ដែលប្រើភាពងាយរងគ្រោះផ្នែក Software ដែលផ្តល់ដោយក្រុមហ៊ុនផលិត”។

យោងតាម FSB ទូរស័ព្ទជាច្រើនពាន់គ្រឿងត្រូវបានរងផលប៉ះពាល់ ដែលត្រូវបានរកឃើញថា មានប្រតិបត្តិការឈ្លបយកការណ៍ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក។

បន្ថែមលើអតិថិជនក្នុងស្រុក លេខបរទេស និងអ្នកជាវស៊ីមកាត ដែលបានចុះឈ្មោះជាមួយបេសកកម្មការទូត និងស្ថានទូតនានាក្នុងប្រទេសរុស្ស៊ី ត្រូវបានរងផលប៉ះពាល់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

FSB បានបញ្ជាក់ថា “ព័ត៌មានដែលទទួលបានដោយ FSB បង្ហាញពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង Apple និងសហគមន៍ស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក ហើយបញ្ជាក់ថា គោលការណ៍ឯកជនភាពដែ លបានប្រកាសរបស់ក្រុមហ៊ុន Apple គឺជាការមិនពិត”៕ប្រែសម្រួល ឈូក បូរ៉ា

To Top