វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនង សេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងភាគីទាំងសង្ខាង នៅក្នុងសកម្មភាពនេះដែរ ដែលបានជំរុញឱ្យមាន ការព្រមានពីក្រុងប៉េកាំង ។
គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ស្តីពីពាណិជ្ជកម្ម សតវត្សរ៍ទី២១ ត្រូវបានគេសម្លឹងមើលឃើញពីការ ជំរុញពាណិជ្ជកម្មដោយការ សម្រួលការត្រួតពិនិត្យលើពន្ធគយ ការកែលម្អនីតិវិធីបទប្បញ្ញត្តិ និងការបង្កើតវិធានការប្រឆាំងអំពើ ពុករលួយរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ដែលចិនអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន ។
ខណៈដែលក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិ មិនមានទំនាក់ទំនងការទូតជាផ្លូវការ ពួកគេរក្សាទំនាក់ទំនងក្រៅផ្លូវការ តាមរយៈស្ថានទូតអាមេរិកនៅលើកោះនេះ ដែលជាវិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ ។
ការិយាល័យសារព័ត៌មាន របស់តំណាងពាណិជ្ជកម្មអាមេរិក ហៅកាត់ថា (USTR) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងទី១ ក្រោមគំនិតផ្តួចផ្តើមចុងក្រោយបង្អស់ ត្រូវបានចុះហត្ថលេខាដោយតំណាង វិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ និងការិយាល័យតំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិនៅសហរដ្ឋអាមេរិក ។
លោក Sam Michel អ្នកនាំពាក្យ USTR បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះគឺ “មានបំណងពង្រឹង និងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ” រវាងភាគីទាំង២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា