ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំង​ដាច់ខាត​ ការ​ចុះ​ហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​ទី​១ ក្រោម​គំនិត​ផ្តួចផ្តើម​ អាមេរិក​-​តៃវ៉ាន់​ ស្តីពី​ពាណិជ្ជកម្ម​សតវត្សរ៍​ទី​២១

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីមួយក្រោម “គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក-តៃវ៉ាន់ ស្តីពីពាណិជ្ជកម្មសតវត្សទី២១” ។

ការអត្ថាធិប្បាយនេះបាន ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយតំបន់តៃវ៉ាន់ នៃប្រទេសចិន ហើយបានបញ្ជូនមន្ត្រី រដ្ឋាភិបាលទៅចូលរួមក្នុងពិធីនេះ ដោយមិនយកចិត្តទុកដាក់ ចំពោះតំណាងដ៏ឧឡារិកដដែលៗរបស់ចិន។

 អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​លើកឡើងថា “តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​ដែល​មិន​អាច​កាត់​ផ្តាច់​បាន​នៃ​ទឹក​ដី​របស់​ប្រទេស​ចិន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះប្រទេសដែលខ្លួនមានទំនាក់ទំនង ការទូតដែលធ្វើការផ្លាស់ប្តូរជាផ្លូវការណាមួយជាមួយតៃវ៉ាន់ រួមទាំងការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានអធិបតេយ្យភាព ឬមានលក្ខណៈផ្លូវការ។

 អ្នកនាំពាក្យរូបនេះបានបន្ថែមថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរវាង ចិន-អាមេរិក ដោះស្រាយទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយតៃវ៉ាន់ ក្នុងលក្ខណៈប្រុងប្រយ័ត្ន និងបញ្ឈប់រាល់ទម្រង់នៃការផ្លាស់ប្តូរផ្លូវការរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់”។

ប្រែសម្រួល ឈូក បូរ៉ា

To Top