ព័ត៌មានអន្តរជាតិ

ព្យុះត្រូពិក Mawar បង្កឲ្យមានភ្លៀងធ្លាក់ យ៉ាងគំហុកនៅជប៉ុន បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសជាច្រើននាក់

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះ អាជ្ញាធរជប៉ុន បានឲ្យដឹងថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង នៅពាសពេញតំបន់ខ្លះ នៃប្រទេសជប៉ុន ដោយបានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យមនុស្ស២នាក់បាត់ខ្លួន និងមនុស្សរាប់សិបនាក់ទៀត បានរងរបួស ជាមួយគ្នានេះដែរ នឹងមានការព្រមានអំពីការជម្លៀសពលរដ្ឋរាប់ពាន់នាក់ផងដែរ ។

សូមបញ្ជាក់ថា ការជន់លិចនេះបានបង្កឡើងដោយសារព្យុះទីហ្វុង ពេលមុនដែលមានឈ្មោះ Mawar ដែលឥឡូវនេះបានបន្ថយឥទ្ធិពលប្រែក្លាយទៅជាព្យុះត្រូពិក វិញ ។

ក្រុមអ្នកជួយសង្គ្រោះប្រចាំនៅតំបន់ Toyohashi ភាគកណ្តាលនៃតំបន់ Aichi ដែលជាកន្លែងផ្តល់ការជូនដំណឹង អំពីការជម្លៀសពលរដ្ឋច្រើនបំផុត របស់ប្រទេសនេះ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រថ “បានរកឃើញបុរសម្នាក់ វ័យប្រហែល៦០ឆ្នាំ នៅក្នុងឡានរបស់គាត់ដែលត្រូវទឹកជន់លិច ប៉ុន្តែក្រោយមកគាត់ត្រូវបានគេបញ្ជាក់ថា បានបាត់បង់ជីវិត” ។

នៅភាគខាងលិចនៃក្រុង Wakayama គេឃើញមានករណីបាក់ច្រាំងទន្លេ ហើយក្រុមមន្ត្រីបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកគេបានបន្តការស្វែងរកបុរសម្នាក់ និងស្ត្រីម្នាក់ដែលបន្តបាត់ខ្លួននៅក្នុងតំបន់នោះ ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គីភ័យ និងគ្រោះមហន្តរាយបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ពលរដ្ឋសរុបចំនួន៦នាក់បានរងរបួសធ្ងន់ និង២៤នាក់ផ្សេងទៀតបានរងរបួសស្រាល ។

ចំណែកនៅភាគកណ្តាល និងភាគខាងលិចនៃប្រទេសជប៉ុន វិញ បទបញ្ជាជម្លៀសខ្លួនបានប្រកាសឡើង ដែលមិនមែនជាការបង្ខិតបង្ខំអ្វីឡើយ តែត្រូវបានបន្ថយការជម្លៀសខ្លួនវិញនៅថ្ងៃសៅរ៍នេះ ខណៈដែលភ្លៀងបានថយចុះ ។

ក៏ប៉ុន្តែការព្រមានជាថ្មី ត្រូវបានចេញផ្សាយនៅតំបន់ ជិតទីក្រុងតូក្យូ ទាំងព្រឹកព្រលឹមអំពីហានិភ័យ កើតឡើងដោយគ្រោះទឹកជំនន់ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top