ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក និងចិន ជួបសន្ទនាគ្នារយៈពេលខ្លី នៅឯវេទិកាសន្តិសុខ ដែលប្រារព្ធធ្វើឡើងនៅសិង្ហបុរី

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រម្សិលមិញនេះ គេឃើញវត្តមានរដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក និងចិន បានជួបសន្ទនាគ្នារយៈពេលខ្លី ខណៈនោះដែលនាយករដ្ឋមន្រ្តីអូស្ត្រាលី បានអំពាវនាវឱ្យប្រទេសមហាអំណាចទាំង២បើក “បណ្តាញទំនាក់ទំនងដែលអាចជឿទុកចិត្តបាន និងបើកចំហឡើងវិញ” ។

មន្ទីរបញ្ចកោណបានឲ្យដឹងថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក និងសមភាគីចិន គឺលោក Li Shangfu បានជួបសន្ទនាគ្នារយៈពេលខ្លីនៅក្នុងវេទិកាសន្តិសុខមួយនៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីក្រុងប៉េកាំងបានបដិសេធការអញ្ជើញចូលរួមសម្រាប់កិច្ចប្រជុំជាផ្លូវការមួយ ។

លោក Austin និងមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀតបាន និងកំពុងធ្វើការដើម្បីពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូនៅក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិន ប៉ុន្តែក៏មានសញ្ញាបណ្តោះអាសន្នដែលភាគីទាំង២កំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេឡើងវិញដែរ ។

គេបានដឹងថា សហរដ្ឋអាមេរិក បានអញ្ជើញលោក Li ឱ្យជួបជាមួយលោក Austin នៅក្រៅវេទិកាសន្តិសុខ ដែលហៅថា Shangri-La Dialogue នៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែប្រទេសចិន បានបដិសេធ ។

លោកឧត្តមសេនីយ៍ Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Austin និងលោក Li “បានជជែកគ្នារយៈពេលខ្លីនៅក្នុងពិធីបើកពិធីអាហារពេលល្ងាចនៅរាត្រីនោះ នៃកិច្ចសន្ទនា Shangri-La នៅក្នុងប្រទេសសិង្ហបុរី ។ គេបានឃើញមេដឹកនាំនៃប្រទេសទាំង២បានចាប់ដៃគ្នា ប៉ុន្តែមិនមានការដោះដូរដ៏សំខាន់អ្វីនោះទេ”

លោក Ryder បានឲ្យដឹងទៀតថា មន្ទីរបញ្ចកោណជឿជាក់លើការរក្សាទំនាក់ទំនងដោយបើកចំហ “ហើយនឹងបន្តស្វែងរកការពិភាក្សាពីវិស័យយោធា និងយោធាប្រកបដោយអត្ថន័យក្នុងកម្រិតមួយអាចទទួលយកបាន ដើម្បីគ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវខ្ពស់” ។

លោក Li ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនៅឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការទិញអាវុធពីរុស្ស៊ី ប៉ុន្តែមន្ទីរបញ្ចកោណបានបញ្ជាក់ថា វាមិនបានរារាំងដល់លោក Austin ក្នុងការជួបពិភាក្សាការងារជាផ្លូវការជាមួយភាគីចិន ឡើយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top