ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីឥណ្ឌា ប្តេជ្ញាថា នឹងផ្តន្ទាទោសឲ្យធ្ងន់ ទៅលើជនបង្កឲ្យកើតមានឡើង ឧបទ្ទវហេតុរថភ្លើងនៅរដ្ឋ Odisha

ញ៉ូដេលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ថា លោក Narendra Modi សនាយករដ្ឋមន្ត្រីនៃប្រទសឥណ្ឌា បានថ្លែងយ៉ាងដូច្នេះថា មនុស្សដែលត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទបង្កឲ្យកើតមានឧបទ្ទវហេតុផ្លូវដែកដ៏សាហាវមួយ នៅភាគខាងកើតនៃប្រទេសឥណ្ឌា នឹងត្រូវ “ផ្តន្ទាទោសឲ្យធ្ងន់បំផុត” ។

គេបានដឹងថា យ៉ាងហោចណាស់មនុស្ស ២៨៨នាក់បានស្លាប់ និងជាង៨០០នាក់ បានរងរបួសនៅក្នុងឧប្បត្តិហេតុ កាលពីថ្ងៃសុក្រនៅក្នុងរដ្ឋ Odisha ដែលពាក់ព័ន្ធនឹងរថភ្លើង ដឹកអ្នកដំណើរ២ខ្សែ និងរថភ្លើងដឹកទំនិញ១ខ្សែ បុកគ្នាពេញទំហឹង ។

កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ ត្រូវបានបញ្ចប់ ដោយក្រុមមន្ត្រីបានបញ្ជាក់ថា អ្នកដំណើរដែលនៅជាប់គាំង និងរបួសទាំងអស់ត្រូវបានទាញយកមកវិញអស់ហើយ ។

លោក Modi បានអញ្ជើញទៅពិនិត្យមើល នៅកន្លែងកើតហេតុ ដោយចាត់ទុកឧបទ្ទវហេតុនេះថា ជារឿងឈឺចាប់បំផុត ។

លោកនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយជនរងគ្រោះដោយគ្រោះមហន្តរាយនៅក្នុងមន្ទីរពេទ្យ ហើយបានប្តេជ្ញាថា រដ្ឋាភិបាលរបស់លោកនឹង “មិនទុកអ្នករងរបួសចោល” នោះទេ ។

តែគេនៅមិនទាន់ដឹងច្បាស់ ថាតើ មូលហេតុអ្វីបានបណ្តាលឲ្យរថភ្លើងបុកគ្នាបែបនេះនៅក្នុងស្រុក Balasore ដែលត្រូវបានពិពណ៌នាថា ជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតរបស់ប្រទេសឥណ្ឌា នៅក្នុងសតវត្សរ៍នេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top